ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ
April 06, 2024    អ្នកទស្សនា :

ខេត្តព្រះសីហនុ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣ មក ជាពិសេសក្នុងរយៈពេល៣ ខែដើមឆ្នាំ២០២៤ នេះ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះករណីបទល្មើសប្រព្រឹត្តដោយជនបរទេសដែលនៅមានចំនួនតិចតួចក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងមានប្រសិទ្ធភាពផងដែរ។

បើតាមឯកឧត្តមអភិបាលខេត្ត គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ គណៈកម្មការចំពោះកិច្ចដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ចំនួន៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង២ពាន់នាក់ ក្នុងនោះបណ្ដាញមេក្លោងជាជនបរទេសត្រូវញ្ជូនទៅតុលាការ ជនបរទេសពាក់ព័ន្ធផ្សេងទៀតត្រូវអនុវត្តនីតិវិធីបណ្ដេញចេញ ខណៈជនជាតិខ្មែរមួយចំនួនត្រូវបានអប់រំនិងធ្វើកិច្ចសន្យា។

ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ និងដោយមានការគាំទ្រពីគណៈកម្មការចំពោះកិច្ច ដែលបានបំពេញតួនាទីធានាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តបានយ៉ាងល្អ ក្នុងនោះក៏រួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលបង្កឡើងដោយជនបរទេស ធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការអបអរសាទរ និងវាយតម្លៃជាវិជ្ជមាន។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ ដល់គណៈកម្មការចំពោះកិច្ច និយាយជារួម និងដោយឡែកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បន្តបង្កើនការស្រាវជ្រាវ និងបង្ក្រាបគ្រប់បទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី ក្នុងនោះជនបរទេសដែលពាក់ព័ន្ធត្រូវតែអនុវត្តនីតិវិធីបណ្ដេញចេញ ហើយរាល់ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់កិត្តិយសខេត្ត និងមុខមាត់ប្រទេសជាតិ ត្រូវតែបន្សាប និងបកស្រាយឱ្យបានច្បាស់លាស់៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សារអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ