អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
April 04, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បានបើកសន្និបាតបូក​សរុប​​លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយមាន​ការ​ចូលរួមថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

        គួររំលឹកថា ឆ្នាំ ២០១៨ កន្លងមកនេះគឺឆ្នាំទី១ដែលក្រសួងមហាផ្ទៃចាប់ផ្ដើមអនុវត្តថវិកាកម្មវិធីដំបូង ក្នុងនោះមានចំនួន១០ អង្គភាព ជាអង្គភាពថវិកាមិនផ្ទេរសិទ្ធិ​ ផ្នែកសន្តិសុខសាធារណៈចំនួន ៦ អង្គភាព​ និងផ្នែករដ្ឋបាលទូទៅចំនួន ៤ អង្គភាព។ ការចាប់ផ្ដើមអនុវត្តថវិកាកម្មវិធីជាការរួម​ចំណែកគាំទ្រ​គោល​នយោបាយកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល សំដៅរៀបចំ​ថវិកាដោយផ្អែក​លើកម្មវិធីច្បាស់លាស់ តាមមាទិកា ជំពូកដោយរៀបចំបង្កើតរចនាសម្ព័ន្ធសកម្មភាព ធានាការប្រើប្រាស់​ថវិកាចំគោលដៅតាមលំដាប់អាទិភាពដោយសន្សំសំចៃ តម្លាភាព និងប្រសិទ្ធភាពស្របតាមគោលបំណង គោលនយោបាយក្រសួងមហាផ្ទៃ។ ជាងនេះទៅទៀត អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុជាអង្គភាព​ស្នូលក្នុងការដឹកនាំអនុវត្តថវិកាកម្មវិធី ដោយបានសម្របសម្រួលសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញរយៈពេលខ្លីចំនួន ១១ លើក ដល់មន្ត្រីជំនាញទទួលបន្ទុកការងារ​ហិរញ្ញវត្ថុ-គណនេយ្យ នៃបណ្ដានាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាល​រាជធានី-ខេត្ត ដើម្បីពង្រឹងកម្រិតយល់ដឹង ពង្រីកសមត្ថភាពលើការប្រើប្រាស់ថវិកាជាតិប្រកប​ដោយស្មារតី​ទទួលខុសត្រូវខ្ពស់ ព្រមជាមួយនោះ បានបណ្ដុះបណ្ដាលស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ប្រជុំត្រួត​ពិនិត្យ​ការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ និងបានផ្សព្វផ្សាយផែនការលម្អិតសកម្មភាពដំណាក់កាលទី៣(MAP3) ប្រចាំឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃជូនបណ្ដាអង្គភាពនានា ដើម្បីឆ្លើយតបទៅនឹងផែនការ​សកម្មភាពរួម​ដំណាក់​កាលទី៣ នៃកម្មវិធីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។    

     យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្នុងរយៈពេល១ឆ្នាំកន្លង​មកបាន​បង្ហាញថា ក្រោមការចង្អុលដឹកនាំដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអនុវត្តតាមតួនាទីភារ​កិច្ចរបស់ខ្លួន​ដោយឈរ​លើ​ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាផ្គត់ផ្គង់ភស្ភុភារ-ហិរញ្ញវត្ថុ រួមទាំងជំនាញពាក់​ព័ន្ធមួយចំនួន​ទៀត ដែលស្ថិតក្នុងសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការ​នានាដែល​ស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ បានទាន់ពេលវេលា ប្រកបដោយតម្លាភាព គណនេយ្យភាព សន្សំសំចៃ ប្រសិទ្ធភាព និងភាពស័ក្កិសិទ្ធ។ ចំពោះការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គនាយក​ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជាសេនាធិការជូនក្រសួងមហាផ្ទៃ បានខិតខំពង្រឹង​សមត្ថភាពយល់​ដឹងគ្រប់កម្រិត ទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញហិរញ្ញវត្ថុ នៅតាមបណ្តាអង្គភាពថវិកាចំណុះក្រសួងមហាផ្ទៃ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមអនុវត្តថវិកាកម្មវិធីដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។

      សូមបញ្ជាក់ផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹង​អញ្ជើញជា​អធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើក​ទិសដៅការ​ងារឆ្នាំ​២០១៩  នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ​៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ