សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរនាឱកាស​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ
April 04, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់​ក្នុងការធ្វើ​ដំណើរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ យោងតាមសេចក្តីអំពាវនាវ កាលពីថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្តីពីការបង្ការ និងទប់​ស្កាត់គ្រោះថា្នក់ចរាចរ​ណ៍ផ្លូវ​គោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ សម្តេចក្រឡាហោម បានអំពាវនាវដូចខាងក្រោម៖

១-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។

២-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។

៣-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។

៤-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។

៥-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

៦-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

៧-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។

៨-មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។

៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។

១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។

១១-ហាមការបាច់ទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ៕ គឹមអាន

        ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ