នៅយប់ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វេីមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថាក្នុងដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ សម្ដេចក្រឡាហោម ស ខេង បានជួបពិភាក្សាការងារ ជាមួយទីភ្នាក់ងារនគរបាលជាតិកូរ៉េ ដែលដឹកនាំដោយឯកឧត្តមអគ្គស្នងការ ដោយទីភ្នាក់ងារនគរបាលជាតិកូរ៉េបានយល់ព្រមតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ដែលបានស្នើឲ្យភាគីកូរ៉េ ជួយផ្តល់ការបណ្តុះបណ្តាលនគរបាលជាតិកម្ពុជា លើជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការគ្រប់គ្រងបាតុកម្ម និងជំនួយឧបករណ៍សម្ភារបច្ចេកទេសមួយចំនួនសម្រាប់មណ្ឌលគ្រប់គ្រងចរាចរណ៍ទីក្រុង។ សម្ដេចក្រ ឡាហោម ស ខេង អញ្ជើញធ្វើទស្សនកិច្ចទីចាត់ការនគរបាលក្រុងសេអ៊ូល ដោយបានពិនិត្យ មើលមជ្ឍមណ្ឌលគ្រប់គ្រងចរាចរណ៍ និងមជ្ឈមណ្ឌលទទួល និងឆ្លើយតបសំណើសុំកិច្ចអន្តរាគមន៍បន្ទាន់ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍តាមរយះខ្សែទូរស័ព្ទពិសេសលេខ១១២ របស់រដ្ឋបាលក្រុងសេអ៊ូល។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសុវត្ថិភាព ដែលដឹកនាំដោយឯកឧត្តម ជីន យុង រដ្ឋមន្ត្រីមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ដោយ ឯកឧត្តម ជីន យុង បានឯកភាព និងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជាលើការងារសំខាន់ដូចខាងក្រោម៖
១. ការបន្តកិច្ចសហប្រតិបត្តិការទាំងក្នុងវិស័យរដ្ឋបាលសាធារណៈ និងវិស័យសន្តិសុខដូចបានកំណត់ក្នុងអនុស្សារណៈស្ដីពីការយោគយល់គ្នាហៅកាត់ថាMOU។ ២. ការគាំទ្រការបណ្តុះបណ្តាលនគរបាលកម្ពុជាលើជំនាញប្រឆាំងបទល្មើសព័ត៌មានវិទ្យា ការគ្រប់គ្រងបាតុកម្ម គ្រឿងញៀន... ៣. ការផ្តល់ឧបករណ៍សម្ភារគ្រប់គ្រងចរាចរណ៍ ៤. ការគាំទ្រដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ៥. និងការគាំទ្រដល់ការរៀបចំមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យប្រជាជន។
ដោយឡែកសម្ដេចក្រឡាហោម បានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅទីក្រុងវ៉ាន់ជូ ដើម្បីធ្វើទស្សនកិច្ចវិទ្យាស្ថានអភិវឌ្ឍសមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ហៅកាត់ថាLOGODIនៃសាធារណរដ្ឋកូរ៉េ។សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យ និងបន្តអញ្ជើញចុះជួបថ្នាក់ដឹកនាំរដ្ឋបាលក្រុងជេជុង ដើម្បីស្វែងយល់លម្អិត អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន មុននឹងអញ្ជើញមាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជាវិញ៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា