សម្ដេចក្រឡាហោម​ ស​ ខេង​ អញ្ជើញចូលរួម​ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
May 22, 2019    អ្នកទស្សនា :

     សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជើញចូលរួម​ ក្នុងព្រះរាជពិធីបណ្យច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើង​នា​ព្រឹកថ្ងៃពុធ ០៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១​៩​នេះ ស្ថិតក្នុងកីឡាដ្ឋានក្រុងដូនកែវ ខេត្តតាកែវ។ តាមការផ្សងរបស់គោឧសភរាជ ការបង្កបង្កើនផលនៅឆ្នាំ២០១៩នេះ គឺផលដំណាំ ស្រូវ ពោត នឹងសណ្តែក ទទួលបានផលល្អប្រសើរ ពោលគឺដូចគ្នាទៅ​នឹងឆ្នាំចាស់ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោឧសភរាជមិនបរិភោគនោះឡើយ។

     តាមលំអានព្រះរាជប្រវេណី មុននឹងការចាប់ផ្តើមព្រះរាជពិធី តាអាចារ្យបានធ្វើពិធីបួងសួងដល់ទ​ស​បរមី ទេវតាថែរក្សាប្រទេសកម្ពុជា និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសព្រំប្រសិទ្ធព្រះពុទ្ធពរជ័យសេរីមហាប្រសើរថ្វាយព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រជារាស្ត្រខ្មែរ ក៏ដូចជាសុំឱ្យទឹកភ្លៀងធ្លាក់បរិបូរណ៍ទៀងទាត់តាមកាលវេលា និងសូមឱ្យការបង្កបង្កើនផលទទួលបានផលល្អប្រសើរ។

     បន្ទាប់ពីលោកតាអាចារ្យបានបួងសួងរួចរាល់ហើយនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដែលព្រះមហាក្សត្ររាជានុញ្ញាតធ្វើជាស្តេចមាឃ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ បានចាប់ផ្តើមភ្ជួ​រ​លើវាលព្រះស្រែ និងព្រោះគ្រាប់ស្រូវដោយលោកជំទាវ ស្រី ប៊ុណ្ណាដាវី ភរិយាឯកឧត្តម អ៊ូច ភា ដែ​លជ្រើសតាំងជាមេហួ ចំនួន៣ជុំ។

     ក្រោយពេលការភ្ជួរ និងព្រោះគ្រាប់ស្រូវអស់រយៈពេល៣ជុំរួចហើយ ព្រាហ្មណ៍ ព្រះរាជ គ្រូបុរោ​ហិ​ត បានធ្វើពិធីសូត្រមន្តប្រោសព្រំទឹកលើគោឧសភរាជ និងដោះយកគោឧសភរាជទៅបរិភោគគ្រា​ប់​ធញ្ញជាតិចំនួន ៧មុខ រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែលបានរៀបចំទុករួចជាស្រេចនោះ។

     ក្នុងចំណោមធញ្ញជាតិទាំង ៧មុខនោះ គោឧសភរាជបរិភោគស្រូវ ៨៥ភាគរយ ពោត ៩០ភាគរយ និងសណ្តែក ៨៨ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោមិនបរិភោគនោះទេ។

     សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ចាត់ទុកជាវប្បមង្គ​ល​មួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខានតាំងពីបុរាណកាលរៀងមក ដើម្បីជាការប្រកាសដល់ប្រជាពលរដ្ឋខ្មែរថារដូវបង្កបង្កើនផល រដូវធ្វើស្រែបានចូលមកដល់ហើយ។

     ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាតឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ៕មុនីរម្យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ