សម្តេចក្រឡាហោម ស ខេង អញ្ជេីញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីយាងទៅប្រទេសបារាំង ដេីម្បីធ្វើជាព្រះកិត្តិយសប្រារព្ធខួប២៥ឆ្នាំ នៃសកម្មភាព «ICC-Angkor»
May 23, 2019    អ្នកទស្សនា :

       នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា គ.ស ២០១៩  សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអញ្ជេីញថ្វាយព្រះរាជដំណេីរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា  យាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor។

      គួររំលឹកដែរថា  គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC-Angkor ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រាសាទអង្គរដែលជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ICC-Angkor មានបារាំង និងជប៉ុន ជាសហប្រធាន, លេខាធិការដ្ឋានវិទ្យាសាស្រ្តអចិន្ត្រៃយ៍ ទទួលបន្ទុកដោយការិយាល័យតំណាង អង្គការយូណេស្កូប្រចាំព្រះ រាជាណាចក្រ កម្ពុជា និង អាជ្ញាធរជាតិអប្សរា តំណាងរាជរដ្ឋាភិបាលកម្ពុជា  និងមានសមាជិកចំនួន៣៧ប្រទេស មកពី៥ទ្វីប និងមានអង្គការអន្តរជាតិចំនួន ១៣ទៀត។

      សូមបញ្ជាក់ថា  ការរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ មានគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖

* អបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ ICC-Angkor ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក

* បង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ

* សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌

* បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា

* បង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

* ផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕  គឹមអាន

ដោយ:  នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ