គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស បន្តពង្រឹងកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍ជាមួយភាគីថៃ
May 27, 2019    អ្នកទស្សនា :

     នាព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅស្តីការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ រវាង ភាគីពាក់ព័ន្ធ កម្ពុជា ថៃ ដើម្បីពង្រឹង កិច្ចសហការ ក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស (គ.ជ.ប.ជ) ជាមួយ គណៈប្រភូថៃ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិកាជាតិប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស ប្រធានលេខាធិការដ្ឋាន ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ អគ្គលេខាធិការរងទទួលបន្ទុកអំពើជួញដូរមនុស្ស តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្ថាប័ន អង្គការ មន្ទីរពាក់ព័ន្ធ ជាច្រើនរូប។

      លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ពីស្ថានភាព សិទ្ធ សេរីភាព ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងអំពើជួញដូរមនុស្សនៅកម្ពុជា ទៅដល់ភាគីថៃ ជាពិសេសការចំណាក់ស្រុកឆ្លងដែនរបស់ប្រជាពលរដ្ឋកម្ពុជាចូលទៅប្រទេសថៃនាពេលកន្លងមក និងបន្តដល់បច្ចុប្បន្នផងដែរ។ លោកជំទាវ បានបន្តថា ស្ថានភាពពលរដ្ឋកម្ពុជាឆ្លងដែន ចូលក្នុងប្រទេសថៃ មានទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយចំពោះការឆ្លងដែនដោយមិនស្របច្បាប់ គឺដោយសារពួកគាត់មានជីវភាពខ្វះខាត ហើយធ្វើការចំណាក់ស្រុកឆ្លងដែន ផ្សងព្រេងទាំងប្រថុយគ្រោះថ្នាក់ ដើម្បីចូលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ។

      បន្ទាប់ពីលោកជំទាវមានប្រសាសន៍រួមមក ភាគីថៃបានថ្លែងការកោតសរសើរខ្ពស់ចំពោះកិច្ចសហការរបស់ភាគីកម្ពុជាកន្លងមក ហើយបានបន្តយកចិត្តទុកដាក់មកដល់បច្ចុប្បន្ន។ ភាគីថៃក៏បានស្នើឲ្យភាគីកម្ពុជា ចូលរូមសហការលើចំនួនសំខាន់ គឺការងារចំណាកស្រុកឆ្លងដែន និងអំពើជួញដូរមនុស្ស ការងារបណ្តុះបណ្តាលវិស័យអប់រំ និងវិស័យការងារបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួល សម្រាប់យកទៅអនុវត្តបន្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់ ផ្លាស់ប្តូរនូវព័ត៌មានថ្មីៗពីគ្នា ក៏ដូចជាការពង្រឹងស្ថាប័ននៃប្រទេសបញ្ជូន និងប្រទេសទទួលពលករផងដែរ។

       សូមបញ្ជាក់ថា កិច្ចប្រជុំពង្រឹងកិច្ចសហការរវាងកម្ពុជា និងថៃ នេះធ្វើឡើងដើម្បីបង្កើនកិច្ចសន្ទនា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេស​កម្ពុជា និងប្រទេសថៃ និងផ្លាស់ប្តូរបទ​ពិ​សោធន៍​ពាក់ព័ន្ធ និងការអនុវត្តគោលនយោបាយទាក់ទងនឹងការលើកម្ពស់ការធ្វើចំណាក​ស្រុកដោយ​ស្រប​ច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ