ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ
February 20, 2024 អ្នកទស្សនា :

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានថ្លែងក្នុងពិធីបិទផ្សាយជាសាធារណៈឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធនាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួនមុននឹងចេញប័ណ្ណកម្មសិទ្ធិដែលមាននៅប្លុកZ ក្នុងភូមិសាស្រ្តដីនៅតំបន់7NG ស្ថិតក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលមានក្បាលដីសរុប៨៨៣ក្បាលដី។

ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទៀតថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់គ្នា។ ឯកឧត្តមបានបន្តទៀតថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា តាងនាមឱ្យអាជ្ញាធរខេត្តប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកណ្តាល សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋបានឆាប់រហ័ស។ ជាមួយនោះក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅតាមតំបន់គោលដៅដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់រួម និងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបានឱ្យដឹងដែរថា នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ហើយការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។

ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារ នៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាកដើម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ៕

ប្រភព៖រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ