ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម
March 06, 2024 អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ព្រមទាំងបានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់ ១៧៥គីឡូម៉ែត្រ កោះ៣២។ ខេត្តព្រះសីហនុ បានកសាងឡើងដោយស្នាមព្រះហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅក្រោយពីទទួលបានឯករាជ្យ ហើយសហរដ្ឋអាមេរិកក៏បានជួយសាងសង់ផ្លូវជាតិលេខ៤។ ក្នុងនោះឯកឧត្តមបានលើកឡើងថា ខេត្តព្រះសីហនុ ចាប់ផ្តើមអភិវឌ្ឍនៅឆ្នាំ២០១៥ ទន្ទឹមនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន ធ្វើឱ្យអ្នកវិនិយោគភាគច្រើនមកពីប្រទេសចិន មកធ្វើការវិនិយោគជាបន្តនៅខេត្តព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានសហការជាមួយរដ្ឋាភិបាលជប៉ុន អង្គការ (JICA) ពង្រីកវិសាលភាពកំពង់ផែដែលមានជម្រៅទឹក ៩,៥០ ទៅ ១៣,៥០ម៉ែត្រ ជំហានទី១ ទី២ និងបញ្ចប់នៅឆ្នាំ២០២៦ និងបន្តជំហានទី៣ ទី៤ មានជម្រៅទឹករហូត ១៦,៥០ម៉ែត្រ បញ្ចប់នៅឆ្នាំ២០២៩ ព្រោះការដឹកជញ្ជូនតាមផ្លូវសមុទ្រវាមានសារសំខាន់និងចាំបាច់។ ខេត្តព្រះសីហនុ មានអាកាសយាន្តដ្ឋានអន្តរជាតិ ដែលអភិវឌ្ឍដោយក្រុមហ៊ុនបារាំង កំពុងធ្វើការពង្រីកជាបន្តបន្ទាប់។ មានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនចិន នៅចុងសប្តាហ៍ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន គួបផ្សំនឹងខេត្តមានឆ្នេរខ្សាច់សរស្អាត និងកោះជាច្រើនទាក់ទាញភ្ញៀវបរទេស និងភ្ញៀវជាតិ ពិសេសនៅលើកោះភ្ញៀវបរទេសជនជាតិអ៉ឺរ៉ុប មានចំនួនច្រើនសឹងក្លាយជាភូមិអ៉ឺរ៉ុបផងដែរ។

លោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តម អភិបាល បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួសម និងកើតសរសើរការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត មានហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនានា។ លោកមានទំនុកចិត្តលើការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្ត ទោះបីជួបវិបត្តិកូវីដ-១៩ មានការប៉ះពាល់ដល់សេដ្ឋកិច្ចសកល តែខេត្តព្រះសីហនុ នៅតែបន្តសកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងអបអរការបោះឆ្នោតនៅកម្ពុជាទទួលបានជោគជ័យ ពិសេសការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ នាពេលកន្លមកនេះ។ ខេត្តព្រះសីហនុ និងប្រទេសម៉ារ៉ុក មានលក្ខណភូមិសាស្ត្រស្រដៀងគ្នា និងវាយតម្លៃខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រស្រស់ស្អាត និងការអភិវឌ្ឍរីកចម្រើនលឿន។  

លោក EI Mostafa TRIFAIA បានបន្តថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងការទូតជិត ៣០ឆ្នាំមកហើយ លោកចង់ឃើញមានការចុះ MOU សម្ព័ន្ធមេត្រីភាពរវាងក្រុង Dakhla  នៃប្រទេសម៉ារ៉ុក ជាមួយនឹងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា នៅពេលខាងមុខ៕

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ