សម្តេច​ក្រឡា​ហោ​ម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​ដុត​កម្ទេច​ចំណីអាហារ ខូច​គុណភាព​-​ខុសច្បាប់ ដោយ​មាន​សារធាតុ​គីមី ជាង​១០០​តោន
June 14, 2018 អ្នកទស្សនា :

ថ្ងៃព្រហស្បត្តិ៍ ២កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​ដុត​កម្ទេច​ចំណីអាហារ ខូច​គុណភាព​-​ខុសច្បាប់ ដោយ​មាន​សារធាតុ​គីមី ជាង​១០០​តោន នៅភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្តុង្គ ខេត្ត​កំពង់ស្ពឺ ដែលការចូលរួម ពី​សំណាក់​ថ្នាក់ដឹកនាំ ក្រសួង​ពាក់ព័ន្ធ តំណាង​អង្គទូត ស្ថាប័ន​តុលាការ អង្គភាព​នានា អាជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់ និង​វិស័យ​ឯកជន​ និងប្រជាពលរដ្ឋផង​ដែរ ។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៍កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ចំណីអាហារ​ខូចគុណភាព​-​ខុស​ច្បាប់​ដោយ​មាន​សារធាតុ​គីមី​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម សហការជាមួយស្នងការនគរបាលខេត្ត បាន​បង្ក្រាប និង​រឹបអូស​ពី​ជនល្មើស ដែល​ចរាចរ ស្តុក​ទុក ផលិត និង​ចែកចាយ​ខុសច្បាប់ នា​ពេលកន្លងមក​។ ការកម្ទេច​ផលិតផល​ចំណីអាហារ​ខូចគុណភាព ខុសច្បាប់ ដែល​មាន​សារធាតុ​គីមី​ប៉ះពាល់ ដល់​សុខភាព ទាំង ត្រូវបាន​អនុវត្ត​តាម​ការបង្គាប់ របស់​តុលាការ ឲ្យធ្វើ​ការកម្ទេ​ចចោល ។ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ទំនិញខុសច្បាប់ចំនួន ១៦មុខ ទម្ងន់ជាង ១០០តោននេះ គឺត្រូវបង្រ្កាបបានក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧។ ការចុះបង្ក្រាបនេះ ធ្វើឡើងដោយសមត្ថកិច្ចចម្រុះដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅទីតាំងសិប្បកម្មកែច្នៃស្រោមសាច់ក្រកខុសច្បាប់ ១កន្លែង នៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ដែលមានម្ចាស់ឈ្មោះ វីង ហ៊ុយ ភេទប្រុស អាយុ ៣៨ឆ្នាំ (គេចខ្លួន)។ ប្រធានគណៈកម្មាធិការនេះ បានបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ បន្ទាប់ពីបានធ្វើពិធីកម្ទេចគ្រឿងសម្អាងក្លែងក្លាយ-ខុសច្បាប់ ២លើកកន្លងទៅថ្មីៗនេះ ដែលមានចំនួនសរុបប្រមាណជាង ១៦០តោន។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើកាតសរសើរដល់ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់ អាជ្ញាធរដែនដី កម្លាំងចម្រុះដែលបានសហការគ្នាបានយ៉ាងល្អ ឈានទៅការរឹបអូសស្វែងរកទំនិញខូចគុណភាព មកធ្វើពិធីកម្ទេចចោលនាពេលនេះ ។ ផលិតផលចំណីអាហារហួសកាលបរិច្ឆេទ និងទំនិញហាមឃាត់វាធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សដែលមានអនាគតនៅវែងឆ្ងាយ និងជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ សម្ដេចក៏បានជម្រុញបន្ថែមទៅដល់ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវទប់ស្កាត់ការធ្វើចរាចរផលិតផលខ្វះអនុលោមភាពតាមបទបញ្ញត្ត រឺបទដ្ឋានបច្ចេកទេស ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខមាលភាពប្រជាពលរដ្ឋ រួមចំណែកបង្កើនគុណភាព សុវត្ថិភាព ផលិតផលចំណីអាហារ ដែលផលិតក្នុង និងក្រៅស្រុក ។ ជាចុងក្រោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំភ្លេចទៅបោះឆ្នោត នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជ្រើសរើសតំណាងរាស្រ្តដែលខ្លួនពេញចិត្ត ដោយសេរី ត្រឹមត្រូវ និតយុត្តិធម ហើយកុំជឿរតាមជនអគតិមួយចំនួនតូច ដែលបានញុះញង់រារាំងប្រជាពលរដ្ឋមិនេះអោយចួលរួមបោះឆ្នោតជាដាច់ខាត ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ