

ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អគ្គនាយកអគ្គនាយករង ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីជំនាញដែលពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការរងនគរបាល នាយការិយាល័យជំនាញពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលរាជធានីខេត្ត ជាច្រើនរូបទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញគោរពរាយការណ៍អំពីលទ្ធផលនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍រយៈពេលពេញមួយថ្ងៃកន្លងមក និងបានប្រកាសលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ ខាងមុខជូនគណៈអធិបតី និងអង្គសន្និបាតទាំងមូលជ្រាប។
ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ បានមានប្រសាសន៍ ផ្តាំផ្ញេីសាកសួរសុខទុកពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានចង្អុលបង្ហាញ ការណែនាំបន្ថែមទៀតដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានកោតសរសេីរ និងវាយតំលៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ បំពេញការងារទាំងកម្លាំងកាយនិងកម្លាំងចិត្ត នាពេលកន្លងមក។ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ ក៏សូមចូលរួមអបអរសាទរ ចំពោះលទ្ធផលដែលសម្រេចបានដ៏ត្រចះត្រចង់រយៈពេលពេញមួយឆ្នាំ ហេីយក៏សូមគាំទ្រចំពោះ ការលេីកទិសដៅការងារដែលបានដាក់ចេញផងដែរ។ ឯកឧត្តមសន្តិបណ្ឌិត សង្ឃឹមថាទិសដៅដែលបានដាក់ចេញនាពេល នេះគឺទទួលបានផ្លែផ្កា និងលទ្ធផលល្អប្រសេីរនាឆ្នាំបន្ទាប់ទៀត។
ឯកឧត្តមសន្តិបណ្ឌិត បានស្នេីអោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារអន្តោប្រវេសន៍នេះប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ











































