ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់អគារជួសជុល កែលម្អ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោត ស្ថិតនៅឃុំត្នោត ស្រុកញ្ជ្រៀចខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងលើកទឹកចិត្តសិស្សានុសិស្សខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ មានសីលធម៌ សុវជីវធម៌ក្នុងសង្គម អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សមានសក្ដានុពលសម្រាប់គ្រួសារ និងសង្គមជាតិ ស្របពេលប្រទេជាតិកំពុងមានសុខសន្តិភាពនិងការអភិវឌ្ឍដែលផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលធនធានមនុស្សរួមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សាត្នោតនេះដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ថ្លែងអំណរគុណក្រុមការរាជរដ្ឋាបាលចុះមូលដ្ឋានខេត្តព្រៃវែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច ដែលបានផ្ដល់ការគាំទ្រនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិយាយជារួម និងដោយឡែកជាមួយរដ្ឋបាលខេត្តព្រៃវែង និងរដ្ឋបាលស្រុកកញ្ជ្រៀច ក្នុងការងារលើកម្ពស់វិស័យអប់រំ ជាក់ស្ដែងការចូលរួមជួយជួសជុល និងកែលម្អអគារិក្សានៃសាលាបឋមសិក្សាត្នោតឱ្យមានភាពល្អប្រសើរឡើងវិញតាមសំណូមពរប្រជាពលរដ្ឋនិងលោកគ្រូអ្នកគ្រូ រហូតឈានដល់ការដាក់ឱ្យប្រើប្រាស់ឡើងវិញនាឱកាសនេះ។
សូមបញ្ជាក់ថា អគារសិក្សានៃសាលាបឋមសិក្សាត្នោតដែលបានជួសជុល និងកែលម្អឡើងវិញនេះ ជាអំណោយរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម កាលលោកទាំងពីរនៅមានជន្មាយុ។ដោយឡែក ក្នុងឱកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះដែរ លោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ព្រមទាំងឯឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕