

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធអគារសិក្សាថ្មីចំនួន ១ខ្នង ៥បន្ទប់ បង្គន់ អនាម័យស្តង់ដា ១ខ្នង ៣បន្ទប់ ជួសជុលអគារសិក្សា ១០ខ្នង ២៦បន្ទប់ និង បណ្ណាល័យទំនើបសតវត្សរ៍ទី២១ ចំនួន ៨បណ្ណាល័យ ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការអេដអេអាក់ស្យុង ។
ពិធីសម្ពោធអគារសិក្សាថ្មីនេះធ្វើឡើង ក្នុងឱកាសឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ នៅសាលាបឋមសិក្សា កំភុន ស្រុកសេសានដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
ឆ្លៀតឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានណែនាំតាមអនុសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺស្នើសុំឱ្យមន្ទីរអប់រំ យុវជន និងកីឡា ដែលមានកិច្ចសហការពីរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ សូមយកចិត្តទុកដាក់ នៅក្នុងការលក់ដូរចំណីអាហារដែលប៉ះពាល់ដល់អាហាររូបត្ថម្ភរបស់កូនៗតូចៗដែលពាក់ព័ន្ធនិងជំងឺមិនឆ្លង ដែលកំពុងរាតត្បាត និងរងផលប៉ះពាល់ដល់ប្រជាជន និងកុមារតូចៗរបស់យើងជាសរសរទ្រូងរបស់ជាតិ។នៅខាងក្នុងសាលា និងក្រៅសាលា គឺហាមដាច់ខាតនូវរាល់គ្រឿងលក់ដូរទាំងអស់ ភេសជ្ជទាំងអស់ដែលប៉ះពាល់ដល់សុខភាព ជាពិសេសភេសជ្ជៈ ដែលមាននៅក្នុងបម្រាមរបស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល។
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង







