

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីការជំរុញរៀបចំប្លង់គោលរដ្ឋបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្ត ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានសារៈប្រយោជន៍ ៤យ៉ាងគឺ៖
១. ផ្សព្វផ្សាយដល់សាធារណៈជននូវខ្លឹមសារប្លង់គោលប្រើប្រាស់ដី និងផែនការ រៀបចំដែនដី ដូចជាការកំណត់តំបន់ប្រើប្រាស់ដីអនាគតសមស្រប រួមមាន៖ តំបន់កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ
២. ណែនាំ និងពន្យល់បង្ហាញ អំពីនីតិវិធីទូទៅនៃការកសាងប្លង់គោលប្រើប្រាស់ដី និងផែនការរៀបចំដែនដីខេត្ត
៣.បំផុសចលនាមហាជនឱ្យមានការចូលរួម និងគាំទ្រទូលំទូលាយ លើគម្រោងប្លង់គោលប្រើប្រាស់ដី និងផែនការរៀបចំដែនដីខេត្ត
៤. ចុះពិនិត្យទីតាំងគម្រោង ដើម្បីធ្វើការផ្សព្វផ្សាយ និងអូសទាញដៃគូវិនិយោគ ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានស្នើដល់អង្គសិក្ខាសាលា មេត្តាយកចិត្តទុកដាក់ស្តាប់វាគ្មិនធ្វើបទ បង្ហាញ និងមានសំណួរនានា ដើម្បីមានមូលដ្ឋានជាធាតុចូលបន្ថែមក្នុងអនុវត្តកិច្ចការជា បន្តទៀត ដោយរលូន និងទទួលបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ








