

រយៈពេល៤សប្តាហ៍កន្លងមកនេះ (គិតចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦) ផ្អែកតាមកម្មវិធីសិក្សារបស់បណ្ឌិត្យសភានគរបាលកម្ពុជា និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៥ ទី១៦ និងថ្នាក់មធ្យមឯកទេសនគរបាល ជំនាន់ទី១ បាននិងកំពុងបន្តបេសកកម្មចុះកម្មសិក្សាជាក់ស្តែងនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដែលមានរយៈពេលរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
ក្នុងនោះ ក្រៅពីការបំពេញការងារជំនាញឯកទេសតាមបណ្តាផ្នែក លក្ខណពិសេសនៃការចុះកម្មសិក្សានេះ គឺការតម្រង់ទិសនិស្សិតឱ្យចុះអនុវត្ត «ការងារនគរបាលសហគមន៍» យ៉ាងសកម្ម។ នេះជាយន្តការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឥរិយាបថការងារពី «ការបង្ក្រាប» មកជា «ការបង្ការនិងការបង្កើតភាពជាដៃគូជាមួយប្រជាពលរដ្ឋ» ដើម្បីទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល តាមរយៈសកម្មភាពគន្លឹះៗដូចជា៖
- ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សហគមន៍ : និស្សិតបានចុះជួបប្រជាពលរដ្ឋ សាកសួរ ដឹងសុខទុក្ខ និងអប់រំណែនាំពីវិធានការការពារសន្តិសុខផ្ទាល់ខ្លួន និងសហគមន៍។ ជាពិសេស ការពន្យល់ដល់ម្ចាស់ផ្ទះជួលឱ្យរួមគ្នាឃ្លាំមើល សម្គាល់មុខសញ្ញាក្មេងទំនើង និងយល់ដឹងពីល្បិចកលបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដើម្បីកុំឱ្យធ្លាក់ក្នុងឧបាយកលជនខិលខូច។
- កសាងធនធានយុវជនស្អាតស្អំ : សហការជាមួយគណៈគ្រប់គ្រងសាលារៀន ចុះធ្វើការផ្សព្វផ្សាយអប់រំ ដាស់តឿនសិស្សានុសិស្សអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ និងអំពើអបាយមុខផ្សេងៗ។ បន្ថែមលើនេះ ក៏មានការណែនាំពីការថែទាំសុខភាពទប់ស្កាត់ការបរិភោគគ្រឿងកំប៉ុងដែលមានសារធាតុគីមីដល់កុមារតូចៗផងដែរ។
- ការងារសង្គមនិងការបង្កើតជំនឿទុកចិត្ត : តាមរយៈការចូលរួមដាំដើមឈើក្នុងទិវាបរិស្ថានជាតិ និងការនាំយកអំណោយសប្បុរសធម៌ជួយដល់គ្រួសារខ្វះខាត។
សកម្មភាពទាំងអស់នេះ និស្សិតនគរបាលទាំងអស់បានបង្ហាញពីស្មារតីជានគរបាលរបស់ប្រជាជន ធ្វើការដើម្បីប្រជាជន និងបង្កើតនូវភាពស្និទ្ធស្នាលដ៏កក់ក្តៅរវាងកងកម្លាំងនិងសហគមន៍៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា









