logo
Header Logo
ព័ត៌មានលម្អិត
thumbnail
និស្សិតបណ្ឌិត្យសភានគរបាលកម្ពុជា ចុះអនុវត្តការងារនគរបាលសហគមន៍ ដើម្បីគាំទ្រគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងដំណើរការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង
76
21-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

រយៈពេល៤សប្តាហ៍កន្លងមកនេះ (គិតចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦) ផ្អែកតាមកម្មវិធីសិក្សារបស់បណ្ឌិត្យសភានគរបាលកម្ពុជា និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៥ ទី១៦ និងថ្នាក់មធ្យមឯកទេសនគរបាល ជំនាន់ទី១ បាននិងកំពុងបន្តបេសកកម្មចុះកម្មសិក្សាជាក់ស្តែងនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដែលមានរយៈពេលរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។


ក្នុងនោះ ក្រៅពីការបំពេញការងារជំនាញឯកទេសតាមបណ្តាផ្នែក លក្ខណពិសេសនៃការចុះកម្មសិក្សានេះ គឺការតម្រង់ទិសនិស្សិតឱ្យចុះអនុវត្ត «ការងារនគរបាលសហគមន៍» យ៉ាងសកម្ម។ នេះជាយន្តការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឥរិយាបថការងារពី «ការបង្ក្រាប»  មកជា «ការបង្ការនិងការបង្កើតភាពជាដៃគូជាមួយប្រជាពលរដ្ឋ» ដើម្បីទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល តាមរយៈសកម្មភាពគន្លឹះៗដូចជា៖

- ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សហគមន៍ : និស្សិតបានចុះជួបប្រជាពលរដ្ឋ សាកសួរ ដឹងសុខទុក្ខ និងអប់រំណែនាំពីវិធានការការពារសន្តិសុខផ្ទាល់ខ្លួន និងសហគមន៍។ ជាពិសេស ការពន្យល់ដល់ម្ចាស់ផ្ទះជួលឱ្យរួមគ្នាឃ្លាំមើល សម្គាល់មុខសញ្ញាក្មេងទំនើង និងយល់ដឹងពីល្បិចកលបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដើម្បីកុំឱ្យធ្លាក់ក្នុងឧបាយកលជនខិលខូច។

- កសាងធនធានយុវជនស្អាតស្អំ : សហការជាមួយគណៈគ្រប់គ្រងសាលារៀន ចុះធ្វើការផ្សព្វផ្សាយអប់រំ ដាស់តឿនសិស្សានុសិស្សអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ និងអំពើអបាយមុខផ្សេងៗ។ បន្ថែមលើនេះ ក៏មានការណែនាំពីការថែទាំសុខភាពទប់ស្កាត់ការបរិភោគគ្រឿងកំប៉ុងដែលមានសារធាតុគីមីដល់កុមារតូចៗផងដែរ។

- ការងារសង្គមនិងការបង្កើតជំនឿទុកចិត្ត : តាមរយៈការចូលរួមដាំដើមឈើក្នុងទិវាបរិស្ថានជាតិ និងការនាំយកអំណោយសប្បុរសធម៌ជួយដល់គ្រួសារខ្វះខាត។


សកម្មភាពទាំងអស់នេះ និស្សិតនគរបាលទាំងអស់បានបង្ហាញពីស្មារតីជានគរបាលរបស់ប្រជាជន ធ្វើការដើម្បីប្រជាជន និងបង្កើតនូវភាពស្និទ្ធស្នាលដ៏កក់ក្តៅរវាងកងកម្លាំងនិងសហគមន៍៕


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ