

5G គឺជាជំនាន់ចុងក្រោយបង្អស់នៃបណ្តាញទំនាក់ទំនងចល័តបន្ទាប់ពីជំនាន់ 1G, 2G, 3G និង 4G។ បច្ចេកវិទ្យា 5G មានសមត្ថភាពអាចផ្តល់នូវល្បឿនផ្ទេរទិន្នន័យលឿន កាត់បន្ថយភាពយឺតយ៉ាវ និងបង្កើនប្រសិទ្ធភាពទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់ធៀបនឹងជំនាន់មុនៗ។
បច្ចេកវិទ្យានេះអាចអនុញ្ញាតឲ្យឧបករណ៍អេឡិចត្រូនិច ឬកម្មវិធីនានាមានដំណើរការកាន់តែមានភាពប្រសើរជាងមុន ជាពិសេសផ្តល់ជាជំនួយដល់កម្មវិធីដែលពឹងផ្អែកលើទិន្នន័យ (Data-Intensive Applications) ក្នុងពេលវេលាជាក់ស្តែងដូចជា កម្មវិធី AR (Augmented Reality) ឫ VR (Virtual Reality), យានយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិ និងឧបករណ៍ IoT ជាដើម។
5G នឹងជះឥទ្ធិពលលើគ្រប់វិស័យទាំងអស់រាប់ចាប់ពីវិស័យដឹកជញ្ជូន សុខាភិបាល សន្តិសុខ កសិកម្ម និងវិស័យផ្សេងៗទៀតជាច្រើនដោយវានឹងជួយសម្រួល និងអភិវឌ្ឍន៍ការងារក្នុងវិស័យទាំងនោះឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ និងចំណាយពេលវេលាតិចជាងមុន។ ក្រៅពីនេះ 5G ក៏នឹងដើរតួដ៏សំខាន់មួយក្នុងការជួយជំរុញដំណើរវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថលផងដែរ។ តួយ៉ាងដូចជាបច្ចេកវិទ្យា Edge Computing និង AI (Artificial Intelligence) ជាដើម។
5G ពឹងផ្អែកជាចម្បងលើ OFDM (Orthogonal Frequency-division Multiplexing) ដែលជាវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យដោយលំហូរព័ត៌មានត្រូវបានបំបែកទៅជាប្រេកង់ឆានែលរងតូចៗជាច្រើនដែលធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាពជំនួសឱ្យការប្រើប្រាស់ប្រេកង់ឆានែលធំតែមួយ។
5G ប្រើប្រាស់ 5G NR Air Interface ដែលជាបច្ចេកវិទ្យាដំណើរការវិទ្យុ (Radio Access Technology) ដែលត្រូវបានបង្កើតឡើងសម្រាប់អភិវឌ្ឍន៍បណ្តាញទូរស័ព្ទចល័ត ជំនាន់ទី ៥នេះ រួមជាមួយនឹងគោលការណ៍ OFDM និងបច្ចេកវិទ្យាដែលមានកម្រិតបញ្ជូនទិន្នន័យទូលំទូលាយ (Wider Bandwidth) ដូចជា sub-6GHz និង mmWave ជាដើម៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
