

ទីស្ដីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហុន និងឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន បន្តដឹកនាំកិច្ចប្រជុំពិនិត្យកែសម្រួលមាត្រា១៧ នៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។
ជាបឋម ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានថ្លែងមតិបើកកិច្ចប្រជុំ និងបង្ហាញជូនអង្គប្រជុំអំពីសំណូមពរក្នុងការប្រជុំដើម្បីកែសម្រួលឡើងវិញនូវខ្លឹមសារមាត្រា១៧ និងបានអនុញ្ញាតឱ្យ ឯកឧត្តម រដ្ឋលេខាធិការ សហប្រធានអង្គប្រជុំ បង្ហាញជូនអង្គប្រជុំអំពីចំណុចនានាដែលត្រូវពិនិត្យ និងកែសម្រួលនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មីនេះ ។
បន្ទាប់មកអង្គប្រជុំបានពិនិត្យ និងកែសម្រួលឡើងវិញនូវបញ្ញត្តិនៃមាត្រាមួយចំនួន រួមមាន៖ មាត្រា១៦ មាត្រា១៧ មាត្រា១៨ និងមាត្រា២០ ដែលមានពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លើការផ្តល់ និងបន្តការអនុញ្ញាតនៃការស្នាក់នៅកម្ពុជារបស់ជនបរទេស។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









