

សៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោក ស៊ាន គឹមឋាន អភិបាលរងក្រុងសៀមរាប បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីវិធានការកាត់បន្ថយបទល្មើស និងការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអភិបាលរងក្រុង លោក-លោកស្រីប្រធានការិយាល័យអន្តរវិស័យ ចំណុះរដ្ឋបាលក្រុងសៀមរាប លោក-លោកស្រីចៅសង្កាត់ លោក-លោកស្រីប្រធានភូមិ ចំណុះសង្កាត់ទាំង១២ ក្រុងសៀមរាប គ្រឹះស្ថានឯកជន និងក្រុមហ៊ុនសន្តិសុខឯកជន ដែលពាក់ព័ន្ធផងដែរ។
សិក្ខាសាលានេះបានផ្តោតលើមាតិកាសំខាន់ៗ រួមមាន ការវិភាគប្រភេទបទល្មើសដែលកើតឡើងញឹកញាប់ វិធីសាស្រ្តស៊ើបអង្កេត ការប្រមូលព័ត៌មាន ការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ និងការពង្រឹងកិច្ចសហការជាមួយសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ បង្ក្រាបបទល្មើស និងគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌឱ្យបានម៉ឺងម៉ាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ និងការគាំទ្រពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលបានជួយសម្រួលឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅស្របតាមផែនការក្នុងរយៈពេល ២ថ្ងៃ ដោយជោគជ័យ ហើយនិងរំពឹងថា លទ្ធផលនៃការពិភាក្សា និងបទពិសោធន៍ដែលទទួលបាន នឹងរួមចំណែកសំខាន់ក្នុងការកាត់បន្ថយបទល្មើស និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរឡើង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









