ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលរយៈពេល០៣ថ្ងៃពិធីនេះដែរបានរៀបចំឡេីងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
ពិធីបិទវគ្គនេះដែរមានការអញ្ជើញចូលរួមពីលោក ស្នងការរង និងលោកនាយការិយាល័យ ជំនាញពាក់ព័ន្ធ លោកអធិការនគរបាលក្រុង/ស្រុកនិងសិក្ខាកាមសរុបចំនួន៧៨នាក់ នារីចំនួន០៥នាក់។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានគោរពថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរង ដែលបានបើកវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណងតម្រង់ទិសដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីបំពេញតួនាទីភារកិច្ចឱ្យចំគោលដៅ ប្រកបដោយចំណេះជំនាញនិងវិជ្ជាជីវៈនគរបាល។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ ស្នងការ បានពន្យល់ណែនាំដល់សិក្ខាកាមឱ្យយកមេរៀនដែលបានសិក្សារយៈពេល០៣ថ្ងៃនេះទៅចែករំលែកដល់មន្រ្តីក្រោមឱវាទ សម្រាប់ចុះអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់និងចំគោលដៅ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើដល់លោកមេប៉ុស្តិ៍ ទាំងអស់ត្រូវយកចិត្តទុកដាក់លើការក្តាប់សភាពការណ៍សន្តិសុខ គ្រប់គ្រងភូមិសាស្រ្ត ជាពិសេសពិនិត្យមើលលើមុខសញ្ញាក្មេងទំនើង និងជំរុញការផ្សព្វផ្សាយវេទិកាសាធារណៈនិងការផ្សព្វផ្សាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនៅតាមមូលដ្ឋាន។
ប្រភព៖ ស្នងការនគរបាលខេត្តប៉ៃលិន