ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ រស្មី អនុប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាមន្ត្រីបង្គោលផែនប្រឆាំងការជួញដូរមនុស្ស បានដឹកនាំក្រុមការងារ SOMTC-កម្ពុជា ផែនការងារប្រឆាំងការជួញដូរមនុស្ស អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការជួញដូរមនុស្ស លើកទី២១ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើនិន្នាការបច្ចុប្បន្ន បញ្ហាប្រឈម និងដំណោះស្រាយនានាសម្រាប់ការជួញដូរមនុស្ស។ កិច្ចប្រជុំក៏បានពិនិត្យឡើងវិញចុងក្រោយនៃការអនុវត្តកម្មវិធីការងារ SOMTC ពាក់ព័ន្ធនឹងវិស័យការជួញដូរមនុស្ស (TIP) (២០២២-២០២៥) និងការអនុវត្តផែនការការងារពហុវិស័យអាស៊ានប្រឆាំងការជួញដូរមនុស្ស (២០២៣-២០២៨) (Bohol TIP
ផែនការការងារ ២.០)៕