ខេត្តពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជានិងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អំពីស្ថានភាពតានតឹងតាមបណ្តោយព្រំដែននោះ ឯកឧត្តម ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកោះប្រជុំបន្ទាន់មួយនៅសាលាខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួម ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងបី នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះក្នុងគោលបំណង ដើម្បីត្រៀមរថយន្ត ស្បៀងអាហារ ថ្នាំពេទ្យ សម្ភារ និងកំណត់ទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាប់និងព្រំដែនខេត្តត្រាត (ប្រទេសថៃ)។
ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍សង្កត់ធ្ងន់ថាពេលនេះជាដំណាក់កាលដែលជនរួមជាតិត្រូវរួបរួមសាមគ្គីគ្នា ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋយើងក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុនៅតាមបណ្តោយព្រំដែនកម្ពុជា - ថៃ ដើម្បីយើងជួយអន្តរាគមន៍បានទាន់ពេលវេលា។ ទន្ទឹមនេះយើងក៏ត្រូវនាំគ្នាផ្តល់ការលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិ ដោយផ្សារភ្ជាប់ជាមួយសមរភូមិក្រោយផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់