នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ តំណាងក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពី “ការកៀរគរឆន្ទៈ នយោបាយ ក្នុងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅសណ្ឋាគារណូវ៉ូតែលភ្នំពេញ។
កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមដោយ លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ លោកជំទាវអគ្គស្នងការរងនគរបាលជាតិ លោក លោកស្រី មន្ត្រីជំនាញបច្ចេកទេស និងតំណាងអង្គការUN Women សរុបចំនួន ៥០រូប។
កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៤ សំខាន់ៗដូចខាងក្រោម៖
-ពង្រឹងឆន្ទៈនយោបាយ និងភាពម្ចាស់ការ
- លើកកម្ពស់កិច្ចសហការ ជាមួយអន្តរក្រសួង និងស្ថាប័ន
-ផ្តល់ជំនាញបច្ចេកទេស និងការអនុវត្តល្អបំផុត
-កំណត់រកជំហានបន្ទាប់សម្រាប់ការរៀបចំផែនការសកម្មភាពជាតិ NAP និងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ WPS។