

នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្ទៃក្នុងស្តីពី «ការប្រមូលធាតុចូលសម្រាប់កំណែទម្រង់កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល» ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនិងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ សាស្ត្រាចារ្យ និងគ្រូនគរបាលជាតិមួយចំនួន នាសាលសន្និសីទ-ព្រះរាម (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដើម្បីប្រមូលមតិ យោបល់ និងបទពិសោធដ៏មានតម្លៃពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ អ្នកជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ធ្វើទំនើបកម្មកម្មវិធីអប់រំរបស់បណ្ឌិត្យសភា ឱ្យកាន់តែឆ្លើយតបនិងមានឧត្តមភាព។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់បថា ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងការរីកឡើងនៃAI បានធ្វើឱ្យពិភពលោកផ្លាស់ប្តូរយ៉ាងលឿនរហ័សនិងកាន់តែស្មុគស្មាញបំផុត។ «បទល្មើសថ្មីៗ» ដូចជា ឧក្រិដ្ឋកម្មសាយប័រ ការឆបោកតាមប្រព័ន្ធអនឡាញ ភេរវកម្មបច្ចេកវិទ្យា ការលាងលុយ គ្រឿងញៀន ការជួញដូរមនុស្ស ជាដើម កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាពរស់នៅរបស់ប្រជាជន។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា នៅចំពោះបញ្ហាប្រឈមដ៏ស្មុគស្មាញនេះ កងកម្លាំងនគរបាលមិនអាចពឹងផ្អែកលើតែវិធីសាស្ត្រស៊ើបអង្កេតបែបប្រពៃណីបានឡើយ។ មន្ត្រីនគរបាលសម័យថ្មី ត្រូវតែជាមន្ត្រីដែលមានចំណេះដឹងនិងជំនាញច្បាស់លាស់ និងស្ទាត់ជំនាញ ជាពិសេស ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ហេតុនេះ ការធ្វើកំណែទម្រង់កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនាពេលនេះ មិនមែនជាជម្រើសទៀតទេ ប៉ុន្តែ ជាករណីចាំបាច់និងជាយុទ្ធសាស្ត្រដ៏បន្ទាន់បំផុត ដើម្បីកសាងមូលធនមនុស្សដែលមានភាពធន់និងពោរពេញដោយចំណេះដឹង ជំនាញ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ក្នុងស្មារតីនេះ យើងត្រូវធ្វើបរិវត្តកម្មកម្មវិធីអប់រំរបស់យើង ឈានទៅរកការអនុវត្តវិធីសាស្ត្រអប់រំផ្អែកលើលទ្ធផលសិក្សា(ឬហៅថា OBE) យ៉ាងពេញលេញនាពេលខាងមុខ។
ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងដោយជំនឿជឿជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ នឹងទទួលបានគំនិតល្អៗ ជាធាតុចូល និងឧត្តមានុវត្តន៍ល្អៗ ពីឯកឧត្តម សាស្រ្តាចារ្យ លោក លោកស្រី ដែលជាកម្លាំងសាមគ្គីភាពនិងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណភាពអប់រំរបស់បណ្ឌិត្យសភា។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា












