ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង សហការជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ។
ក្នុងឱកាសនោះដែរ លោកជំទាវ កែវ សាវឿន អភិបាលរងខេត្ត បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសខួបអនុស្សាវរីយលើកទី១១៤ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ។ក្នុងពិធីនេះដែរ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា៖ កម្ពុជាបច្ចុប្បន្នបានផ្តល់តម្លៃខ្ពស់លើតួនាទីស្ត្រី និងបានលើកតម្កើងតម្លៃស្ត្រីបានល្អប្រសើរ។
ចំណុចនេះបង្ហាញពីភាពរីកចម្រើន និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយបានខិតខំលើកតម្លៃស្ត្រីស្មើនឹងបុរស ហើយតម្លៃនៃការងារដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ គឺកិច្ចការងារនៅក្នុងផ្ទះ គឺមានតម្លៃស្មើនឹងការងារនៅក្រៅផ្ទះ។ បន្ថែមពីនោះដែរ រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិបានបញ្ចូលតួនាទីរបស់ស្ត្រីនៅក្នុងក្របខណ្ឌថ្នាក់ដឹកនាំចាប់តាំងពីតួនាទីកំពូលៗ រហូតដល់មូលដ្ឋាន គឺតែងតែមានវត្តមានរបស់ស្ត្រីចូលរួមជានិច្ច។
ប្រភព ៖ រដ្ឋបាលខេត្តស្ទឹងត្រែង