

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារភូមិ នៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកចៅសង្កាត់ លោកមេភូមិ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងក្រុមហ៊ុនបញ្ចាំ អុីហ្សុីឃែស និងប្រជាការពារភូមិ សរុបចំនួន ១៣០នាក់ ស្រី០៥នាក់។
ពិធីសំណេះសំណាលជាមួយប្រជាការពារភូមិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហការល្អ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារភូមិ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់កម្លាំងកាយចិត្ត របស់បងប្អូនប្រជាការពារភូមិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានកន្លងមក។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនស្មារតីទទួលខុសត្រូវ និងសហការឱ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









