

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញពិធីចម្រើនទីឃាយុវឌ្ឍនមង្គល ប្រគេនចំពោះ ព្រះឃោសធម្ម លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សា អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្តាល ព្រះគ្រូអនុគណស្រុក ខ្សាច់កណ្តាល និងជាព្រះចៅអធិការវត្តស្វាយជ្រំ ក្នុងជន្មាយុ ៥៤ ឈានចូល ៥៥ ព្រះវស្សា ក្រោមព្រះរាជាធិបតីភាព សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភាកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្ត បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមថ្វាយនូវពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូន ព្រះឃោសធម្ម លន់ សុគន្ធា សូមព្រះអង្គ មានព្រះសុខភាពល្អបរិបូរណ៍រឹងមាំ ព្រះជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ដើម្បីបន្តដឹកនាំធ្វើឱ្យវិស័យពុទ្ធចក្រកាន់តែមានភាពរីកចំរើន សម្រាប់ជាទីប្រតិបត្ត និងជាទីសក្ការៈគោរពបូជាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ តរៀងទៅ។
តាំងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការកងកំលាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឯកឧត្តមអភិបាលបានថ្លែងនូវអំណរអរគុណយ៉ាងក្រៃលែងចំពោះគុណូបការៈដ៏ច្រើនរបស់ព្រះឃោសធម្ម លន់ សុគន្ធា ដដែលព្រះអង្គបានដឹកនាំមន្រ្តីសង្ឃ សីលវន្ត សីវតី ប្រជាពុទ្ធបរិស័ទក្នុងខេត្ត បំពេញបុណ្យកុសល ធ្វើទាន និងបានចូលរួម អប់រំសីលធម៌ ចរិយាធម៌ គុណធម៌ ក៏ដូចជា សតិអារម្ម ណ៍ស្នារតី ដល់ប្រជាពុទ្ធបរិស័ទ តាមបែបព្រះពុទ្ធសាសនា ដែលនាំមកនូវសេចក្តីសុខក្នុងផ្លូវចិត្តប្រកបដោយ សន្តិភាព និងការអអភិវឌ្ឍ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើទោះបីជាប្រទេសយើងមានការធូរស្រាលពីរកូវីត-១៩ ក៏ដោយ ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវបន្តអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ពីព្រោះបច្ចុប្បន្ននេះពិភពលោកកំពុងតែកើតមានបីវីរុសបំលែងថ្មីមួយទៀត គឺប្រភេទអូមីក្រុង ដែលវីរុសនេះវាឆ្លងលឿនជាងវីរុសប្រភេទដែលតា(Delta) គួរឱ្យព្រួយបារម្ភ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានអនាម័យ ត្រូវតែពាក់ម៉ាសជានិច្ច ពិសេសគឺត្រូវនាំគ្នាទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល




