

កុដិ និងសមិទ្ធផលនានាក្នុងវត្តតាកុល ស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានដំណើរការសាងសង់រួចរាល់ ហើយបានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ នាព្រឹកថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង។ ក្នុងពិធីសម្ពោធនោះ ក៏មានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី អភិបាលរងខេត្តកំពង់ឆ្នាំង លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងព្រះសង្ឃ លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទសរុបចំនួន១.១១៥នាក់ផងដែរ។
លោកឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានថែ្លងអោយដឹងថា សមិទ្ធផលនានាក្នុងវត្តតាកុលស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ដែលដាក់សម្ពោធអោយប្រើប្រាស់នៅពេលនេះរួមមានកុដិ១ខ្នងបណ្តោយ១២ គុណ ១០ម៉ែត្រ ផ្លូវបេតុង១ខ្សែស្មើនិង១០០ម៉ែត្រ បង្គន់អនាម័យ៤បន្ទប់ និងធ្វើរូបចម្លាក់ចំនួន៤កន្លែង ចំណាយអស់ថវិកាសរុបចំនួន៥៣.១៨០ដុល្លា។
នៅចុងបញ្ចប់សម្តេចចៅហ្វាវាំងបានបំពាក់គ្រឿងឥស្សរិយយសដល់ព្រះចៅអធិការវត្ត ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចែកអំណោយដល ស.ស.យ.ក យុវជនស្រឡាញ់សន្តិភាព លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងបានកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តតាកុលដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃនេះផងដែរ៕មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង







