

ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ ជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ នៅតាមក្រុង-ស្រុក មន្ត្រីបង្គោលផែនការ នៅតាមក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ដែលមកពីស្រុកកណ្តាលស្ទឹង ស្រុកកៀនស្វាយ ស្រុកកោះធំ ស្រុកលើកដែក ស្រុកស្អាង ក្រុងតាខ្មៅ និងក្រុងសំពៅពូន ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការអភិវឌ្ឍនៅមូលដ្ឋាន គឺសំខាន់បំផុតទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺក្រុមយុវជន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្ត និងដាក់គោលដៅយ៉ាងច្បាស់ ដើម្បីឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បេសកកម្មនេះ បាននឹងកំពុងអនុវត្តតាមរយៈផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងការធ្វើឱ្យមានភាពជាទំនើបកម្ម និងស៊ីជម្រៅ នូវប្រព័ន្ធអភិបាលកិច្ច តាមរយៈកំណែទម្រង់លើកម្មវិធីជាតិ និងនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ឯកឧត្តមបានបន្ថែមថា យុវជនជាទំពាំងស្នងឫស្សី ដូច្នេះការចូលរួមរបស់យុវជន ពិតជាមានសារៈ សំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការចូលរួមក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ សង្កាត់ ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់ គួរតែយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យយុវជនបានចូលរួមជាមួយសកម្មភាពចាំបាច់នានារបស់រដ្ឋបាលឃុំ សង្កាត់ ហើយវគ្គបណ្តុះបណ្តាលមួយនេះ ជាជំនួយ ស្មារតីដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីស្វែងយល់បន្ថែម អំពីសារៈ សំខាន់នៃការចូលរួមរបស់យុវជន ហើយត្រូវបានឆ្លើយតបទៅនឹងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ផងដែរ ។
ឯកឧត្តមក៏បានផ្តាំផ្ញើផងដែរថា ការផ្តល់សេវា និងនីតិវិធីការអនុវត្តកិច្ចការងារមួយចំនួន គឺទាមទាឱ្យមានតម្លាភាព ក្នុងន័យនេះសំដៅលើការបើកចំហ ពីព័ត៌មាន ឱ្យបានទូលំ ទូលាយ ដល់យុវជនតាមរយៈការ ផ្សព្វផ្សាយជាសាធារណៈ ការ សម្រេចចិត្ត និងការអនុវត្តនានាក្នុងដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ កម្មវីធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ថវិកាឃុំ សង្កាត់ និងព័ត៌មានទាំងនេះ មានលក្ខណៈងាយយល់ និងគ្រប់ជ្រុងជ្រោយ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល



















