logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ បញ្ជាក់ប្រាប់គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាថា “ខេត្តតាកែវ គ្មានបទល្មើសឆបោកអនឡាញ ឆក់ប្លន់ និងចាប់ជំរិតឡើយ “
68
23-June-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានជម្រាបជូនគណៈប្រតិភូថា ខេត្តតាកែវ គឺជាខេត្តមួយ ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដោយគ្មានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) អំពើឆក់ប្លន់ ឬការចាប់ជំរិតនោះឡើយ។ កត្តាស្ថិរភាព និងសុវត្ថិភាពដ៏រឹងមាំនេះហើយ ដែលបាននិងកំពុងទាក់ទាញចិត្តវិនិយោគិនកាន់តែច្រើនឡើង ឱ្យចូលមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តតាកែវយ៉ាងកំហុក។


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងបន្តជូនគណៈកម្មការទី៣ នៃរដ្ឋសភាថា គិតត្រឹមឆ្នាំ២០២៥ កន្លងទៅ ចំនួនរោងចក្រ សហគ្រាស នៅក្នុងខេត្តតាកែវ មានការកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅជាង ៣០០ភាគរយ។ គិតមកទល់ពេលនេះ ខេត្តតាកែវមានរោងចក្រ សហគ្រាស សរុបជាង ១,១០០ មូលដ្ឋាន ដែលបានបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនជាង ១៦ម៉ឺននាក់។ ដោយឡែក សម្រាប់តែក្នុងរយៈពេលដើមឆ្នាំ ២០២៦ នេះ មានរោងចក្រថ្មីៗចំនួន ១៥ បន្ថែមទៀត បានមកបើកដំណើរការជាបន្តបន្ទាប់នៅក្នុងខេត្ត។


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា (គណៈកម្មការទី៣) បានសម្ដែងការកោតសរសើរយ៉ាងក្រៃលែង ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង  អភិវឌ្ឍខេត្តតាកែវ ឱ្យមានការរីកចម្រើនយ៉ាងលឿនហួសពីការរំពឹងទុក ជាពិសេសគឺកំណើនរោងចក្រ សហគ្រាស ដ៏ខ្ពស់ត្រដែត។ ឯកឧត្តមប្រធានគណៈកម្មការ បានគូសបញ្ជាក់បន្ថែមថា ខេត្តតាកែវ នឹងក្លាយជាខេត្តដែលមានសក្ដានុពលសេដ្ឋកិច្ចកាន់តែខ្លាំងក្លាថែមទៀត ក្រោយពេលដែលគម្រោង «ព្រែកជីកហ្វូណនតេជោ» ត្រូវបានសាងសង់រួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ