

ខេត្តក្រចេះ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងទិវានៃការចងចាំ ២០ឧសភា នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកម្ពុជា និងដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មេឃុំ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅវត្តដារសិលារាម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ថ្ងៃ២០ ឧសភា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកជា “ទិវាជាតិនៃការចងចាំ” សម្រាប់រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ដោយបានសម្លាប់ប្រជាជនប្រមាណជាង៣លាននាក់។ ជាក់ស្តែងការប្រារព្ធខួបទិវាជាតិនៃការចងចាំជាប្រវត្តិសាស្ត្រនេះ គឺធ្វើឡើងក្នុងស្មារតីចងចាំនិច្ច និងមិនអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានស្នើដល់អាជ្ញាធរ ស្រុក ឃុំ និងកងកម្លាំងសម្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកចិត្របុរី និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ៖ ១)-ត្រូវចូលរួមក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពដូចជា៖ លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងនិងទប់ ស្កាត់ការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាននៅក្នុងឃុំ និងស្រុកចិត្របុរី ទាំងមូល ឱ្យបានម៉ឺងម៉ាត់បំផុត។ ២)-សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថែរក្សានូវសុខភាពអនាម័យឱ្យបានល្អ ជាពិសេសកូនៗ ឬក្មួយៗក្នុងគ្រួសារករណីមានរោគសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។ ៣)-សូមបងប្អូនប្រជាពលរដ្ឋ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងជួយតាមដាន និងជំរុញដល់កូនៗឱ្យខិតខំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលរៀនជំនាញនានា ជាពិសេសទប់ស្កាត់ និងហាមឃាត់ ការប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យបាត់បង់ស្មារតី និងខាតបង់ប្រយោជន៍សង្គមជាតិ និងគ្រួសារ។
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ









