នាព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងនៃគណៈ អភិបាលខេត្តស្វាយរៀងតំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញលើការអភិវឌ្ឍកំពង់ផែអូស្មាច់ ដើម្បីឈានដល់ការសម្រួលលើការដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវទឹករវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនៅថ្ងៃខាងមុខ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអនុប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអគ្គនាយករងកំពង់ផែស្វយ័តភ្នំពេញ លោកប្រធានតំបន់សេដ្ឋកិច្ចពិសេសតាយសេង លោកអភិបាលក្រុងស្វាយរៀង លោកអភិបាលស្រុកស្វាយជ្រំ ព្រមទាំងមន្ត្រីពាក់ពន្ធមួយចំនួនទៀត ។
សូមបញ្ជាក់ថាចំពោះកំពង់ផែអូស្មាច់នេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្ដារឡើងវិញក្នុងឆ្នាំ២០២០មានបណ្ដោយ ៦.៩៥០ម៉ែត្រ ទទឹងមាត់ច្រាំងខាងលើ ពី ៤០ម៉ែត្រ ទៅ ១០០ម៉ែត្រ ទទឹងបាតក្រោម (ផ្លូវនាវាចរណ៍) ពី១០ ទៅ ២០ម៉ែត្រ និងជម្រៅទឹកនៅលើផ្លូវនាចរណ៍រាក់បំផុត ៣,៥ម៉ែត្រ ជ្រៅបំផុត ៥,៦៨ម៉ែត្រ ។
បច្ចុប្បន្នរដ្ឋបាលខេត្ដ កំពុងតែពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ជាពិសេសអ្នកវិនិយោគឯកជន លើផែនការអភិវឌ្ឍន៍កំពង់ផែអូស្មាច់នេះព្រមទាំងកំពុងធ្វើការសម្របសម្រួលជាមួយភាគីខេត្ដឡុងអាន (វៀតណាម) ដើម្បីជំរុញនីតិវិធីផ្សេងៗសំដៅអនុញ្ញាតឱ្យនាវា អាចដឹកជញ្ជូនទំនិញឆ្លងពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអូស្មាច់នេះ៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង