ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំក្រុមការងារ ចម្រុះរដ្ឋបាលខេត្តចុះពិនិត្យទីតាំងបេីកការដ្ឋានសាងសង់ផ្លូវ និងបណ្ដាញលូទឹកចំនួន ៣ខ្សែ ក្នុងចំណោមគម្រោងផ្លូវ និងបណ្ដាញលូទឹកចំនួន ១៧ខ្សែ ដែលត្រូវសាងសង់ ចាក់បេតុង និងដាក់លូបង្ហូរទឹកចេញពីក្រុង និងដេីម្បីបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប ការដ្ឋានសាងសង់ផ្លូវចំនួន ៣ខ្សែ នេះនឹងចាប់បេីកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
ដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពធំៗ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ ដេីម្បីការងារអភិវឌ្ឍន៍ឲ្យមានការរីកចម្រេីនលេីគ្រប់វិស័យ ជាពិសេសដេីម្បីធ្វេីឲ្យរាជធានី ខេត្តនីមួយៗតភ្ជាប់បណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសេីរឡេីង ក្នុងនោះដេីម្បីរៀបចំក្រុងសៀមរាបឲ្យមានសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់របៀបរៀបរយ បញ្ជៀសការកកស្ទះចរាចរណ៍ និងចៀសផុតពីការកកស្ទះប្រព័ន្ធលូរ បង្ហូរទឹក ទឹកភ្លៀង ទឹកជំនន់ និងដេីម្បីបង្ហូរទឹកចេញពីក្រុង និងធ្វេីឲ្យទីក្រុងស្រស់ស្អាត សមជាទីក្រុងវៃឆ្លាត(Siem Reap Smart City) ស្រមតាមយុទ្ធសាស្ដ្រទីក្រុងវៃឆ្លាតកម្ពុជា។
ក្នុងឆ្នាំ២០១៩ រដ្ឋបាលខេត្ត មានគម្រោងសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធចំនួន ១៧ខ្សែ ហេីយគម្រោងនេះទទួលម៉ៅការសាងសង់ និងជួសជុលដោយ កម្លាំងកងវិស្វកម្ម ឯកឧត្តម សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប។
សូមបញ្ជាក់ ផ្លូវ និងបណ្ដាញលូទឹកចំនួន ០៣ខ្សែ ក្នុងចំណោមផ្លូវ និងបណ្ដាញលូចំនួន ១៧ខ្សែ ដែលត្រូវសាងសង់ និងជួសជុល ក្នុងឆ្នាំ២០១៩នេះរួមមាន ៖
១- សាងសង់ផ្លូវបេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០១ម៉ែត្រ ភូមិតាវៀន សង្កាត់ សាលាកំរេីក (ពីផ្លូវក្រោយផ្សារលេី កាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង)ប្រវែង ១២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ។
២-សាងសង់ ផ្លូវ បេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០១ម៉ែត្រ ភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម (ពីផ្លូវ ជាតិលេខ ៦ ចំណុច ភ្លេីងស្តុប ស្មាយលីង ដល់ផ្លូវផ្ទះ តាអុច) ប្រវែង ៣៥០ម៉ែត្រ ទទឹង ០៨ម៉ែត្រ។
៣-សាងសង់ ផ្លូវ បេតុង ភូមិតាវៀន សង្កាត់ សាលាកំរេីក (ពីផ្លូវផ្ទះតាអុច កាត់តាមទីស្នាក់ការភូមិតាវៀន) ប្រវែង ៤៥០ម៉ែត្រ ទទឹង ០៧ម៉ែត្រ៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប