នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តន៍ជាសកលនូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃធនាគារពិភពលោក ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។
លោក Benoit Bosquet បានបង្ហាញនូវចំណាប់អារម្មណ៍របស់លោក ដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកក៏បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាកំពុងមានកិច្ចខំប្រែងនៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបង្កើននៃគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋានផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំអនុក្រឹត្យថ្មីចំនួន០៤ ដែលនឹងត្រូវធ្វើការផ្សព្វផ្សាយក្នុងពេលខាងមុខនេះរួមមាន ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រុង ថ្នាក់ស្រុក ថ្នាក់ខណ្ឌ និងអនុក្រឹត្យពាក់ព័ន្ធនឹងវិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន។ នៅក្នុងកំណែទម្រង់ទាក់ទងទៅនឹងវិស័យអប់រំ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៏លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងមានគម្រោងនៅខេត្តបាត់ដំបង ដែលផ្ទេរមុខងារការគ្រប់គ្រងវិស័យអប់រំនៅកម្រិតបឋមសិក្សា មតេយ្យសិក្សា ទាំងរដ្ឋ និងឯកជនទៅឱ្យថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រង។ ដោយឡែក វិស័យសុខាភិបាល រដ្ឋាភិបាលក៏កំពុងធ្វើការផ្ទេរការគ្រប់គ្រងមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យស្រុក ទៅឲ្យខេត្តជាអ្នកគ្រប់គ្រងហើយទុកកិច្ចការស្នូលមួយចំនួនដូចជា ការបណ្តុះបណ្ដាលធនធានមនុស្ស ថ្នាំពេទ្យជាដើមទុកឲ្យក្រសួងសុខាភិបាលជាអ្នកគ្រប់គ្រង។ ចំពោះការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅតាមមូលដ្ឋាន មកដល់ពេលនេះរដ្ឋាភិបាលបានបង្កើតបាន ៧០ភាគរយក្នុងគម្រោង។ ការផ្ទេរថវិកាអភិវឌ្ឍន៍ឃុំ សង្កាត់ទៅថ្នាក់មូលដ្ឋានបច្ចុប្បន្ន គឺមានទំហំរហូតដល់ ៧៥,០០០ដុល្លារ ដោយកាលពីមុនមានត្រឹមតែ ៣៥,០០០ដុល្លារ ហើយនឹងបន្តកើនទៅដល់ ១០០,០០០ម៉ឺនដុល្លារនៅឆ្នាំ ២០២១-២០២២ខាងមុខ។ សម្ដេចក្រឡាហោមបានមានប្រសាសន៍បន្ថែមថា កិច្ចការងារកំណែទម្រង់នេះគឺជាការងារដ៏លំបាក ហើយទាមទារឲ្យធ្វើយ៉ាងណាសម្រេចបានជោគជ័យ ដើម្បីទាញយកការគាំទ្រពីប្រជាពលរដ្ឋ និងទាំងសង្គមអន្តរជាតិផងដែរ។
ទាក់ទងទៅនឹងការលើកឡើងទាំងនេះ លោក Benoit Bosquet ក៏បានឯកភាព និងស្នើសុំចូលរួមចំណែកក្នុងការលើកកម្ពស់ដល់ជីវភាពរបស់ប្រជាជននៅតាមថ្នាក់មូលដ្ឋាន ហើយជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ឃើញថា បញ្ហាវិសមភាពយេនឌ័រដែលកំពុងកើតមានដោយមានស្ត្រីបំលាស់ទីលំនៅទៅរកការងារធ្វើនៅឆ្ងាយ ដោយកូនៗរបស់ពួកគេពុំទទួលបានសេវាថែទាំ គ្រប់គ្រាន់ ដោយស្ត្រីមួយចំនួនខ្លះបានផ្ញើកូនរបស់ពួកគេនៅជាមួយឪពុកម្ដាយជាអ្នកមើលថែ ហើយការមើលថែកុមារទាំងនោះពុំបានសព្វគ្រប់ជ្រុងជ្រោយ ដែលអាចបណ្ដោយឱ្យកុមារទាំងនោះជួបគ្រោះថ្នាក់ហើយអាចឈានដល់ការបាត់បង់អាយុជីវិតផងដែរ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ក៏បានឯកភាពចំពោះការលើកឡើងរបស់ភាគីធនាគារពិភពលោក ហើយសម្ដេចក៏មានប្រសាសន៍ថា នេះជាគម្រោងមួយដ៏ល្អ និងផ្ដល់ការគាំទ្រទាំងស្រុងដល់ការលើកឡើងរបស់ខាងភាគីធនាគារពិភពលោក។ ជាមួយគ្នានេះផងដែរ សម្ដេចក៏បានស្នើដល់ភាគីធនាគារពិភពលោកឱ្យចូលរួមជាមួយគម្រោងផ្ទេរមុខងារវិស័យអប់រំនៅខេត្តបាត់ដំបងដើម្បីជួយជ្រំជ្រែងធ្វើយ៉ាងណាឲ្យគម្រោងនេះទទួលបានជោគជ័យ។ ជាការឆ្លើយតប ភាគីធនាគារពិភពលោក និងត្រៀមខ្លួនជានិច្ចដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងគម្រោងទាំងនេះផងដែរ៕រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា