នាថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ
បើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី និង ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ លោក លោកស្រី គណៈប្រតិភូសវនកម្មផ្ទៃក្នុង និងលោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធក្រោមចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង
អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍ ថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៣។ ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម អគ្គនាយក ក៏បានលើកឡើងពីតួនាទីរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជូនពរ និងប្រសិទ្ធពរជ័យបរវសួស្តីសិរីមង្គលជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គប្រជុំទាំងមូល សូមឱ្យសម្រេចបានគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃដាក់ជូន និងសូមប្រកាសបើកកិច្ចសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចាប់ពីពេលនេះ តទៅ៕
ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង