ព្រឹកថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងវត្តអម្ពរង្សី ភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍សង្ខេបរបស់លោកមេឃុំរួចមក ឯកឧត្តមបានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កំពុងរក្សាសុខសន្តិភាព ហើយសន្តិភាពនេះទើបនាំមកនូវការអភិវឌ្ឍន៍ ។ រាជរដ្ឋាភិបាលបានកំពុងធ្វើកំណែទម្រង់ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនកាន់ងាយស្រួល និងរលឿនរហ័ស ។ សូមបងប្អូនមានការប្រុងប្រយ័ត្នរក្សាទឹកទុកនារដូវប្រាំងដោយសាររាជរដ្ឋាភិបាលបានជូនដំណឹងរួចហើយអំពីបញ្ហានេះ។ បញ្ហាគ្រឿនញៀន ស្នើសុំបងប្អូនចូលរួមសហការផ្តល់ដំណឹងករណីមានការចែកចាយ ប្រើប្រាស់ ជូនមកសមត្ថកិច្ចមូលដ្ឋាន និងស្នើសមត្ថកិច្ចមូនដ្ឋានបន្តបង្រ្កាបបញ្ហាគ្រឿនញៀន ល្បែងស៊ីសង ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈមក្តីកង្វល់ សំណូមពរ មានជីកប្រឡាយ៤០០ម៉ែត្រ និងដាក់លូ ហើយឯកឧត្តមបានទទួលយក និងដោះស្រាយជូនតាមសំណូមពរនេះភ្លាមៗជូនបងប្អូននាពេលនោះផងដែរ។
បន្ទាប់ពីចប់ការសំណេះសំណាលមក ឯកឧត្តមបានអញ្ជើញជួបក្មួយៗជាសិស្សរៀននៅសាលាបឋមសិក្សាតាម៉ៅ និងលើកទឹកចិត្តអោយក្មួយៗខិតខំរៀន ដើម្បីក្លាយជាទំពាំងស្នងឬស្សី។
វេទិកានេះមានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ប្រធានក្រុមប្រឹក្សាស្រុក លោកអធិការស្រុក លោកមេឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព មេភូមិ និងអាជ្ញាធរពាក់ព័ន្ធ។
សូមជម្រាបថា គោលបំណងក្នុងការរៀបចំវេទិការសាធារណៈនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារថ្នាក់ជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីស្តាប់ក្តីកង្វល់ ទទួលសំណូមពរនានា និងជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋបញ្ចេញមតិរបស់ខ្លួនដោយសេរី ព្រមទាំងអាចលើកឡើងនូវបញ្ហាប្រឈមទាក់ទងនឹងស្ថានភាពជីវភាពរស់នៅ សន្តិសុខ សុវត្ថិភាព ដែលកំពុងកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមគ្នារកដំណោះស្រាយ៕
ប្រភព៖ អគ្គាធិការដ្ឋាន