ក្រសួងមហាផ្ទៃ រៀបចំវេទិកាសាធារណៈថ្នាក់ជាតិស្តីពី អភិបាលកិច្ចល្អ និងប្រសិទ្ធភាព នៃការគ្រប់គ្រងរួមគ្នានូវធនធានជលផល
December 25, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ២០១៩ ក្រសួងមហាផ្ទៃ រៀបចំវេទិកាសាធារណៈថ្នាក់ជាតិស្តីពី អភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃការគ្រប់គ្រងរួមគ្នានូវធនធានជលផល ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័ននានា តំណាងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ តំណាងសហគមន៍នេសាទ ព្រមទាំងអង្គភាព ស្ថាប័ន និងដៃគូអភិវឌ្ឍពាក់ព័ន្ធនានាជាច្រើន។

      ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៧មក រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយ និងគោល ការណ៍ គ្រឹះមូលដ្ឋានសំខាន់ៗសម្រាប់វិស័យជលផល គឺបន្តជំរុញដំណើរ ការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ ក្នុងនោះរួមមាន៖ ការកែទម្រង់ជលផលដោយបន្តរក្សាកន្លែងនេសាទទឹកសាបទាំងអស់ ទុកសម្រាប់ប្រជានេសាទធ្វើនេសាទជាលក្ខណៈគ្រួសារ, ពង្រឹងកន្លែងអភិរក្សជលផល, បង្កើនការការពារធនធានជលផល, លុបបំបាត់បទល្មើសនេសាទគ្រប់រូបភាព និងជំរុញការអភិវឌ្ឍវារីវប្បកម្ម រួមនិងការបន្តពង្រឹងសហគមន៍នេសាទផងដែរ។

      ឯកឧត្តមបន្តថា ការរៀបចំវេទិកាថ្នាក់ជាតិនាថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ច សហការ រវាង រាជរដ្ឋា ភិបាល ជាមួយនិងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាគ្រប់គ្រងអភិរក្សនូវធនធានជលផលនៅប្រទេសកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាងនេះទៅទៀត វេទិកាថ្នាក់ជាតិនេះក៏មាន គោលបំណង ចំនួន០៤សំខាន់ៗផងដែររួមមាន៖ ទី១.ដើម្បីបង្កើតឱកាស និងបង្កភាពស្និទ្ធស្នាលឲ្យកាន់តែល្អប្រសើររវាងសហគមន៍ប្រជានេសាទ អង្គការសង្គមស៊ីវិលជាមួយ និងរាជរដ្ឋាភិបាលកម្ពុជា, ទី២.ទទួលបានចំណេះ ដឹងបន្ថែមទៀតនូវក្របខណ្ឌគោលនយោបាយ និងតួនាទី ស្ថាប័នពាក់ ព័ន្ធលើ ការគ្រប់គ្រងធនធានជលផល,  ទី៣.ដើម្បីសិក្សាស្វែងយល់ ពីផែនការថវិកា ជាតិ សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ និងគោលការណ៍ ណែនាំស្តីពីការប្រើប្រាស់ថវិកា, និង ទី៤.ដើម្បីធ្វើការរិះ រកវិធីសាស្រ្តរួមគ្នា ដោះស្រាយនូវបញ្ហាប្រឈមនៃការគ្រប់គ្រងធនធានជលផល។

      សូមគូសបញ្ជាក់ដែរថា កត្តាសំខាន់ៗចំនួន២ ដែលធ្វើឱ្យមានការបះពាល់លើធម្មជាតិ និងធនធានជលផលរួមមាន៖ ១.ការប្រែប្រួលអាកាសធាតុ ដែលនេះជាបញ្ហាដ៏ធំ ហើយប្រទេសមហាអំណាចជាច្រើននៅលើពិភពលោក ក៏កំពុងរួមគ្នា ដើម្បីដាក់ចេញនូវវិធានការ នៅក្នុងការកាត់បន្ថយនៃការប្រែប្រួលអាកាសធាតុនេះផងដែរ។ ២.ការនេសាទត្រីហួសកម្រិត មានន័យថា បរិមាណត្រីមានការថយចុះ ខណៈការប្រើប្រាស់ឧបករណ៍កាន់តែទំនើប ដែលប្រើប្រាស់ មិនត្រឹមត្រូវតាមតម្រូវការ ដែលធ្វើឲ្យបាត់បង់ធនធានជលផល ទាំងនៅក្នុងអាងទន្លេសាប ទាំងនៅតាមបឹងព្រែកនានា ជាពិសេសនៅដងទន្លេមេគង្គដែលជាប្រភពនៃជម្រកត្រីដ៏ធំ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ