សម្តេចក្រឡាហោម ស ខេង ដាក់ចេញបទបញ្ជា ចំនួន៤ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
March 27, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវបទបញ្ជាចំនួន ៤ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ២០២០នេះតទៅ។

      ការដាក់បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យ អន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

      សម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវបទបញ្ជា ដូចខាងក្រោម ៖
ទី១៖ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹង ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ គឺត្រូវគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានល្អខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិ។

ទី២៖ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា បន្តអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក និងកម្រិតនៃការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយនិងជាប់ជាប្រចាំ។

ទី៣៖ដាក់ចេញនូវបទបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនិតិវិធីច្បាប់នូវរាល់បទល្មើសចរាចរណ៍ផ្លូវគោកប្រកបដោយតម្លាភាព ស្មើរភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលគេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។

ទី៤ ៖ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ត្រូវរៀបចំផែនការសកម្មភាព និងរៀបចំកម្លាំង ដើម្បីតាមដាន ពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទរបស់ខ្លួន ដើម្បីធានាអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ព្រមទាំងត្រូវពង្រឹងអាកប្បកិរិយា សីលធម៌ វិន័យ ឱ្យស័ក្តិសមជាមន្ត្រី អនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ ត្រូវផ្តល់រង្វាន់តាមការកំណត់របស់រដ្ឋជាមួយការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃនិងត្រូវដាក់វិន័យឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្មឬ មន្ត្រីដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ។

      ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ក៏សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នឹងបន្តយកកម្លាំងកាយ ប្រាជ្ញា ស្មារតីខិតខំប្រឹងប្រែងដោយស្មារតីទទួលខុសត្រូវ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា និងស្នើឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងមាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែប្រសើរជាលំដាប់៕
 
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ