សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់តាមដានលម្អិតពីស្ថានភាពសុខភាពរបស់ពលករខ្មែរមកពីក្រៅប្រទេស
March 27, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ដោយត្រូវធ្វើតារាងលម្អិតបន្ថែមទៀត ដើម្បីបញ្ជាក់ ពីភូមិ-ឃុំ ដែលពលករមកពីក្រៅប្រទេសរស់នៅ ភេទ អាយុ ជាក់លាក់របស់ពួកគាត់ ព្រមទាំងតាមដានស្ថានភាពសុខភាពឱ្យបានលម្អិត និងច្បាស់លាស់។ សម្តេចមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

      ជាមួយគ្នានេះ សម្ដេចក្រឡាហោម មានប្រសាសន៍ណែនាំបន្ថែម ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចាត់ទុកកន្លែងដែលមានបងប្អូនពលករត្រឡប់មកពីបរទេសវិញ ជាកន្លែងក្តៅ ជាគោលដៅក្តៅ ដែលយើងត្រូវតែតាមដាន យកចិត្តទុកដាក់មើលការប្រែប្រួលសុខភាពរបស់គាត់ ព្រោះពួកគាត់អាចចម្លងទៅអ្នកដទៃច្រើនទៀត ប្រសិនបើពួកគាត់មានផ្ទុកជំងឺ ដោយពួកគាត់ម្នាក់ អាចចម្លងទៅមនុស្ស៥នាក់ផ្សេង។ ក្រៅពីនេះ ត្រូវយកចិត្តទុកដាក់ឃោសនាហើយឃោសនាទៀត តាមវិធានទាំងឡាយដែលក្រសួងសុខាភិបាលបានណែនាំ ដោយប្រើប្រាស់មេក្រូចាក់តាម ម៉ូតូ រឺម៉ក់ ឡាន ទន្ទឹមនឹងនេះ ត្រូវរាយការណ៍ជាបន្ទាន់ ទៅក្រសួងសុខាភិបាល ប្រសិនបើមានពលរដ្ឋ ណាម្នាក់មានសុខភាពមិនល្អ។

      គួរបញ្ជាក់ថា មកដល់ពេលនេះប្រជាពលរដ្ឋដែលជាពលករមកពីថៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ មីនា ឆ្នាំ២០២០ គឺមានចំនួន ៤០.៣៧៤នាក់ (ស្ត្រី១៦.៧៦២នាក់ ), ខេត្តបាត់ដំបង់ជាង៧.៦០០នាក់, ខេត្តកំពង់ចាមជាង ១.៨០០នាក់, ខេត្តកំពង់ឆ្នាំង ៧៤៧នាក់, ខេត្តកំពង់ស្ពឺ ៤២៥ នាក់, ខេត្តកំពង់ធំ ២.៨៨១នាក់, ខេត្តកំពត ៥៨៧នាក់, ខេត្តកណ្តាល១.២៩១នាក់, ខេត្តកោះកុង ១២១នាក់ ខេត្តក្រចេះ១៦៦នាក់, ខេត្តមណ្ឌលគិរី១២នាក់, រាជធានីភ្នំពេញ១៩៨ នាក់, ខេត្តព្រះវិហា២៦៦នាក់, ខេត្តព្រៃវែង ២.១៥៦នាក់, ខេត្តពោធិ៍សាត់៩៥៥ នាក់, ខេត្តរតនគិរី ២០នាក់, ខេត្តសៀមរាប ៦.៥៨២នាក់, ខេត្តព្រះសីហនុ១០២ នាក់, ខេត្តស្ទឹងត្រែង ៨២នាក់,  ខេត្តស្វាយរៀង ៣៣៥នាក់,  ខេត្តតាកែវ ១.១១៣នាក់, ខេត្តឧត្តរមានជ័យ ៦៥៩នាក់, ខេត្តកែប៤០នាក់, ខេត្តប៉ៃលិន ៣០៥នាក់, ខេត្តត្បូងឃ្មុំ១.៤៩២នាក់៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ