ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញ សំណេះសំណាលជាមួយកងកម្លាំងនគរបាលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ
April 10, 2024    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៣អង្គភាព រួមមាន ៖ នាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតបទបញ្ជា នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ក្នុងកម្មវិធីថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនិងឈានមកដល់នាពេលខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីទាំងអស់ ឯកឧត្តម សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលមានអគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការ មេបញ្ជាការរង ក៏ដូចជានាយនគរបាលទាំងអស់ដែលបានខិតខំរួមចំណែកថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល តាំងពីច្រើនអាណត្តិមកហើយនិងបន្តខិតខំកិច្ចការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រគល់ជូន ហើយកិច្ចការដែលបានខិតខំក្នុងរយៈពេលកន្លងមកនេះ ជាសមិទ្ធផលដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ជាពិសេសប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានវាយតម្លៃខ្ពស់ ចំពោះបងប្អូនកងកម្លាំងដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីថែរក្សានូវ សន្តិភាពសមិទ្ធផលដែលរាជរដ្ឋាភិបាលបានកំពុងកសាងក្នុងរយៈពេលកន្លងទៅ ក៏ដូចជាកំពុងអភិវឌ្ឍប្រទេសឲ្យមានការរីកចំរើន។ ក្នុងនោះក៏មានការចូលរួមពីនាយកដ្ឋាន-អង្គភាព និងស្នងការរាជធានី-ខេត្តទាំង២៥ ក៏មានការខិតខំប្រឹងប្រែងដែលទាំងនេះជាការងារស្នូលរបស់អគ្គស្នងការនគរបាលជាតិ បានខិតខំកន្លងមក។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានស្នើដល់ប្រធាន អនុប្រធាន និងមន្ត្រីក្រោមឱវាទនៃអង្គភាពដែលមានវត្តមាននៅទីនេះ ត្រូវធ្វើការគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យបានល្អ ដើម្បីរួមចំណែកក្នុងការត្រៀមសង្គ្រោះនូវហេតុការណ៍ណាមួយនៅក្នុងសង្គម ជាក់ស្តែងសម្រាប់រដូវក្តៅនេះអាចនិងមានគ្រោះអគ្គិភ័យ រីឯរដូវវស្សាក៏អាចបង្កជាគ្រោះមហន្តរាយផ្សេងៗ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្តថា កន្លងមកងកកម្លាំងនគរបាលជាតិ ក៏បានចូលរួមជួយក្នុងករណីទឹកជំនន់ ខ្យល់ព្យុះ ព្រមទាំងកិច្ចការពារព្រឹត្តិការណ៍ធំៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល និងការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមជាដើម។ ទាំងនេះគឺជាតួនាទី និងភារកិច្ចរបស់មន្ត្រីនគរបាលជាតិទាំងអស់ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឲ្យមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ។កាលណាការសាមគ្គីផ្ទៃក្នុងរបស់អង្គភាពមិនបានល្អនឹងនាំឲ្យមានការឆ្លៀតឱកាសញុះញង់បំបែកបំបាក់។ ត្រូវអប់រំអនុវត្តឲ្យបានជាប់ជាប្រចាំទៅតាមតួនាទីភារកិច្ច ដែលបានប្រគល់ជូន។

ទាំងនេះជាអ្វីដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាករងនៃអង្គភាពទាំងអស់ ត្រូវរួបរួមសាមគ្គីការពារផលប្រយោជន៍ សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។ សូមឲ្យមានការជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិ។

សុំឲ្យមានការជឿជាក់លើរាជរដ្ឋាភិបាលរយៈពេលប៉ុន្មានអាណត្តិមកនេះ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត រាជរដ្ឋាភិបាលបានខិតខំដឹកនាំប្រទេសជាតិ។ បរទេសដែលមកដល់កម្ពុជាបានសង្កេតឃើញកម្ពុជាមានការអភិវឌ្ឍប្លែកមានអាគារខ្ពស់ៗ មានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមានការប្រែប្រួលយ៉ាងឆាប់រហ័សដែលបានបញ្ជាក់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានថ្លែងរំពឹងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានការរីកចម្រើន ដែលនាំឲ្យមានការប្រែប្រួលកាន់តែល្អជាងនេះថែមទៀត ដើរបន្ទាប់បន្សំជាមួយនឹងប្រទេសជឿនលឿននានានៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្ថែមថា ក្នុងឱកាសចូលឆ្នាំខ្មែរដែលនឹងមកដល់ខាងមុខនេះ ស្នើឲ្យមានការទទួលខុសត្រូវខ្ពស់ទៅលើការបែងចែកវេនប្រចាំការ ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ និងត្រៀមជួយសង្រ្គោះរាល់ហេតុការណ៍ដែលកើតឡើងជាយថាហេតុ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការនគរបាលជាតិ ត្រូវតែមានកម្លាំងប្រចាំការ២៤លើ២៤ម៉ោង ដើម្បីទទួលនូវព័ត៌មាន និងដោះស្រាយរាល់បញ្ហាដែលកើតឡើងជាយថាហេតុ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឲ្យនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធដែលត្រូវបង្ការ និងទប់ស្កាត់ចំពោះបទល្មើសផ្សេងៗនៅពេលដែលប្រជាពលរដ្ឋចេញទៅកំសាន្តនៅតាមបណ្តាខេត្តក៏ដូចជារមណីដ្ឋាន នគរបាលនៅតាមូលដ្ឋានទាំងអស់ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ចោរកម្ម ក៏ដូចជាករណីលួចឆក់ប្លន់នៅតាមដងផ្លូវ ករណីគាស់ផ្ទះ ត្រូវប្រចាំការនៅកន្លែងដោយមានការបែងចែកវេនផ្លាស់ប្តូរគ្នា។

មុននឹងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានផ្តល់ថវិកាដល់អង្គភាពទាំង ៣ ដោយក្នុង ១អង្គភាព ៥លានរៀល និងមន្រ្តីក្នុងម្នាក់ៗ ៥ម៉ឺនរៀល និងបានជូនពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ សូមមានសុខភាពល្អ ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច ពិសេសសូមប្រកាន់ភ្ជាប់ឲ្យបាននូវវិន័យកងកម្លាំង ដើម្បីជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ដែលបានខិតខំកសាងក្នុងរយៈពេលដ៏យូរមកហើយ និងសូមបន្តឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីលើកមុខមាត់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋានគរបាលជាតិ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ