នៅព្រឹកនេះ ថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០១៩ នៅធនាគារជាតិនៃកម្ពុជា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះអនុស្សារណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិ និងជាក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
គោលបំណងសំខាន់នៃការចុះអនុស្សារណ:យោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ហើយរួមគ្នាស្វែងរកនិងទប់ស្កាត់ លុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។
សូមបញ្ជាក់ថា អនុស្សារណយោគយល់នេះចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ង៉ែត សុវណ្ណរិទ្ធ អគ្គលេខាធិការរងនៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ។
គួររំលឹកថា គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ អង្គភាពស៊ើបបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សារណ:យោគយល់ជាមួយស្ថាប័នក្នុងស្រុកបានចំនួន១៤ និងអន្តរជាតិបានចំនួន២២រួចមកហើយ៕ គឹមអាន
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន