រដ្ឋបាលខេត្តតាកែវ រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋ រស់នៅស្រុកសំរោង
January 30, 2024 អ្នកទស្សនា :

ខេត្តតាកែវ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋ ចំនួន ៣២៣គ្រួសារ ស្មើនឹង ៣៦៨ប័ណ្ណ ក្នុងភូមិបឹងកន្រ្ទន់ ឃុំស្លា នៅស្រុកសំរោង ព្រមរៀបចំពិធីជួបពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តតាកែវ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាច្រើនរូបទៀត។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ដោយសង្ខេបរបស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ដោយបានបញ្ជាក់ថា នៅទូទាំងខេត្តតាកែវ បានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ទាំងគម្រោងសាកល្បង Pre-Lmap, L-Map, ឡាសិប និងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល) ការប្រមូលទិន្នន័យក្បាលដីសម្រេចបាន ៨២៩.៦៥៩ក្បាលដី បានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឈ័យបានចំនួន ៨១៧.៧៣៩ក្បាលដី និងចែកបណ្ណដល់ដៃប្រជាពលរដ្ឋ បានចំនួន ៨០៤.៣១៧បណ្ណ ក្នុងភូមិចំនួន ៨៨៩ នៃ ១.១២១ភូមិ ក្នុង ៧០ឃុំ សង្កាត់ លើ ១០០ឃុំ សង្កាត់ ស្មើនឹង ៨១,០៧% នៅក្នុងខេត្តតាកែវ។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ចំនួនក្បាលដីនៅសល់ប៉ាន់ស្មានសរុប ២២១.១២១ក្បាលដី នៅក្នុងខេត្តតាកែវ ក្នុងភូមិចំនួន ២៣១ភូមិ នៃ ៣០ឃុំ ស្ថិក្នុងស្រុកចំនួន ៧ រួមមាន ៖

ស្រុកព្រៃកប្បាស  ចំនួន ៥ ឃុំ   ស្មើ៣០ ភូមិ ចំនួន ២៨.៧១០ ក្បាលដី

ស្រុកសំរោង   ចំនួន៣ ឃុំ  ស្មើ៣៥ ភូមិ ចំនួន ៣៣.៤៩៥ ក្បាលដី

ស្រុកត្រាំកក់  ចំនួន ៥ ឃុំ   ស្មើ៥១ ភូមិចំនួន ៤៨.៨៦១ ក្បាលដី

ស្រុកកោះអណ្ដែត  ចំនួន ៣ ឃុំ   ស្មើ២១ ភូមិ ចំនួន ២០.០៩៧ ក្បាលដី

ស្រុកបូរីជលសារ  ចំនួន ៣ ឃុំ   ស្មើ១៣ភូមិ ចំនួន ១២.៤៤១ ក្បាលដី

ស្រុកគីរីវង់    ចំនួន ៥ ឃុំ   ស្មើ៤៧ ភូមិ ចំនួន ៤៤.៩៧៩ ក្បាលដី

ស្រុកអង្គបុរី  ចំនួន ៦ឃុំ   ស្មើ៣៤ ភូមិចំនួន ៣២.៥៣៨ ក្បាលដី។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចុកោណដំណាក់កាលទី១ ដោយធ្វើយ៉ាងណាឱ្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ធ្វើការងារចុះបញ្ចីដីធ្លីនេះឱ្យហើយរួចរាល់ជាស្ថាបពរ ពោលគឺឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវប័ណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យបានគ្រប់ៗគ្នានៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ក្រសួងរៀបចំដែនដី ដែលជាប្រតិបត្តករលើវិស័យដីធ្លី នឹងខិតខំប្រឹងប្រែងបញ្ចប់ការងារចុះបញ្ចីដីធ្លីនេះឱ្យហើយរួចរាល់ទាំង៥លានក្បាលដីនៅទូទាំងប្រទេសដែលនៅសេសសល់ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីនេះ ព្រោះបើកាលណាបងប្អូនទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះហើយ បងប្អូននឹងបញ្ចប់វិវាទដីធ្លី បញ្ចប់ភាពមិនច្បាស់លាស់ ពិសេសគឺផ្តល់ភាពស្របច្បាប់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការគ្រប់គ្របទ្រព្យរបស់ខ្លួនឯង ពោលគឺសុវត្ថិភាពផ្លូវច្បាប់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គុណតម្លៃរបស់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បម្រើនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយអាចឱ្យបងប្អូនយកប័ណ្ណកម្មសិទ្ធដីធ្លីនេះទៅប្រកបរបរបានតាមតម្រូវការចាំបាច់ ឬក៏អាចយកទៅដាក់ជាមួយនឹងធនាគារ ដើម្បីកម្ចីលុយពីធនាគារសម្រាប់បង្កើតជាមុខរបរបាន បង្កើនចំណូលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀងថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងនឹងបញ្ចប់ការងារចុះបញ្ចីដីធ្លីនេះឱ្យរួចរាល់ ហើយពិសេសគឺចង់ឃើញបរិយាកាសនៅកម្ពុជាយើង ពុំមានវិវាទដីធ្លីនេះតទៅទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ