រដ្ឋបាលខេត្តកណ្ដាល រៀបចំទិវាតំបន់ដីសើមអន្តរជាតិ ០២កុម្ភៈ ក្រោមប្រធានបទ «តំបន់ដីសើម និងសុខុមាលភាពប្រជាជន»
February 03, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ០២កុម្ភៈ ក្រោមប្រធានបទ «តំបន់ដីសើម និងសុខុមាលភាពប្រជាជន» ក្រោមអធិបតីភាពឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ដែលប្រារព្ធធ្វើនៅវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។

ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ទិ វាតំបន់ដីសើមអន្តរជាតិ ដែលស្របទៅនឹង កម្មវិធីបរិស្ថានសហប្រជាជាតិ មានប្រទេសសមាជិកជាច្រើនតែងបាន ប្រារព្ធទិវានេះ នៅថ្ងៃទី២ កុម្ភៈ ក្នុងគោលបំណងដ៏សំខាន់ លើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ សំខាន់ជាអន្តរជាតិ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ព្រមទាំងចលនាប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមថែរក្សា ការពារ ស្ដារ និងអភិរក្សតំបន់ ដីសើមនៅកម្ពុជា ជាពិសេស ធនធាននៅក្នុង ធនធាននៅក្នុង និងជុំវិញត់តំបន់ដីសើម។

ឯកឧត្តម បានបន្តទៀតថា ដោយមើលឃើញពីភាពចាំបាច់ ការពារ អភិរក្ស និងការប្រើប្រាស់តំបន់ដីសើម ធនធានជាច្រើននៃតំបន់ដីសើម ជាពិសេស សត្វស្លាបទឹក រាជរដ្ឋាភិបាលកម្ពុជា ក៏បានក្លាយជាសមាជិកពេញសិទ្ធនៃអនុសញ្ញារ៉ាមសារ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩៩។ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមាន តំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង ទី១) តំបន់រ៉ាមសារកោះកាពិ ទី២) តំបន់រ៉ាមសារព្រែកទាល់ ទី៣) តំបន់រ៉ាមសារស្ទឹងសែន ទី៤) តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងទី៥) តំបន់រ៉ាមសារស្ទឹងត្រែង ក្នុងនោះដែរយើងក៏មានតំបន់ការពារធម្មជាតិ ដែលជាតំបន់ដីសើមមានសារៈសំខាន់សម្រាប់ បរិស្ថាន និងសង្គមជាតិ ដូចជា តំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប តំបន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តំបន់ការពារទេសភាពបឹងកាដេរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និង ឧទ្យានជាតិសមុទ្រកោះរ៉ុង។

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ ចំពោះសកម្មភាពរបស់មន្ទីរបរិស្ថានខេត្តកណ្ដាល ដែលបានសហការសម្របសម្រួលជាមួយរដ្ឋបាលស្រុកលើកដែក ដើម្បីរៀបចំទិវានេះឡើង គឺជាការឆ្លុះបញ្ចាំងនូវស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការរួមចំណែក ដល់កិច្ចការពារ អភិរក្ស អភិវឌ្ឍន៍ និងស្ដារតំបន់ដីសើម ដែលជាសម្បត្តិដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់យើងទាំងអស់គ្នា ដែលត្រូវគ្រប់គ្រង ថែរក្សាបានល្អជានិច្ចនិរន្តរ៍ និងកំពុងអនុវត្តនូវបន្ទាត់នយោបាយជាតិ មួយយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ នៅទីនេះ សម្រាប់ខេត្តកណ្តាល។

ឯកឧត្តម បន្តទៀតថា តំបន់ដីសើម គឺជាផ្នែកដ៏សំខាន់នៃបរិស្ថានធម្មជាតិ ដោយសារតំបន់ដីសើម ជួយទប់ស្កាត់ការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយវាបានផ្ដល់ទីតាំងសម្រាប់ធ្វើជម្រករបស់សត្វស្លាប សត្វព្រៃច្រើនប្រភេទ ព្រៃឈើ និងជាទីតាំងសម្បូរបែបនៃជីវចម្រុះរស់នៅ ដែលទ្រទ្រង់ដល់មុខងារ និងផ្តល់នូវសេវា នានាដល់ប្រព័ន្ធអេកូឡូស៊ី ដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់ប្រជាជន និងផ្តល់នូវសន្តិសុខស្បៀងសុខភាព ខ្យល់អាកាសបរិសុទ្ធ ទឹកស្អាត ទឹកស្រោចស្រព ការដឹកជញ្ជូន ឬនាវាចរតាមផ្លូវទឹក ឱសថ ការ កម្សាន្ត ហើយក៏ចូលរួមចំណែកដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចជាតិ។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា មន្ទីរបាននាំយកកូនឈើ១៦០ដើម ប្រភេទកូនព្រៃលិចទឹក ដើមសណ្តាន់ និង ដើមម្តេញ ១៥៤ដើម និងព្រៃដីគោក ដើមខិត្តបាស និងដើមលាភ ៦ដើម សម្រាប់បែងចែកដាំនៅតាម មូលដ្ឋានក្នុងឃុំនេះ។

- ដាំផ្ទាល់នៅវាលទំនាបបឹងវែងភូមិក្អមសំណក្រោម ១៣៤ដើម ជាប្រភេទព្រៃលិចទឹក សណ្ដាន់ និងម្ដេញ ចែកជូនដាំបន្តភូមិរាំងជួរ ១០ដើម និងភូមិក្អមសំណលើ ១០ដើម ប្រភេទព្រៃលិចទឹក និងទុកដាំផ្ទាល់ នៅក្នុងបដិវេណសាលា ៦ ដើម ប្រភេទព្រៃដីគោក ហើយមន្ទីរគ្រោងនឹងបណ្ដុះកូនឈើឲ្យបាន១ឆ្នាំចំនួន ៣៥០០០ដើម៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ