រដ្ឋបាលខេត្តតាកែវ ទទួលស្វាគមន៍គណៈប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម របស់រដ្ឋបាលខេត្ត
January 25, 2024 អ្នកទស្សនា :

តាកែវ៖នារសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង ឯកឧត្តម អ៊ីត សារុន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលស្វាគមន៍ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម របស់ រដ្ឋបាលខេត្តតាកែវ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ នៃរដ្ឋសភា) បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកជំទាវ បន្តថា កិច្ចពិភាក្សាការងារនាពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា វឌ្ឍនភាពការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសចង់ស្វែងយល់ពីយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មន្ត្រីរាជការ និវត្តន៍ជន និងកម្មករ កម្មការនី និងមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមពោរពេញដោយសមត្ថភាពចំណេះដឹង និងថាមពល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ៖ ទី១. ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនការ នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ទី២.កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញនៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់ បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេច បាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ រួមមាន ៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និងសង្គម, និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ លើសពីនេះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះ ចំនួន៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និងការប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស។

បន្ទាប់ពីស្តាប់របាយការណ៍របស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រួចមក លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ នៃរដ្ឋសភា) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងសហការី ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរទាំង៤ ដែលខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងបន្តធ្វើកិច្ចការងារនេះបន្ថែមទៀតដើម្បីប្រជាពលរដ្ឋរបស់យើងនិងអភិវឌ្ឍខេត្តរបស់យើងប្រកបដោយចីរភាព៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ