រដ្ឋបាលខេត្តកណ្ដាល រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្ត្រផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់ ក្រុង-ស្រុក
January 26, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្ត្រផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់ ក្រុង-ស្រុក ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា រដ្ឋបាលខេត្តកណ្ដាល ក្រោមការយកចិត្តទុកដាក់បំផុតពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល គឺសង្ឃឹមជឿជាក់ថា «ខេត្តកណ្តាលធ្វើបាន» ហើយធ្វើបានយ៉ាងល្អ ដើម្បីសម្រេចឱ្យបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម អភិបាលខេត្ត បន្តថា តាមគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រសួងអភិវឌ្ឍន៍ជនបទ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ គឺខេត្តកណ្តាល អាចសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។ ប៉ុន្តែលទ្ធផលជាផ្លូវការ គឺអាស្រ័យលើការចុះផ្ទៀងផ្ទាត់ដោយក្រុមផ្ទៀងផ្ទាត់ថ្នាក់ជាតិ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា គិតមកដល់ពេលនេះខេត្តកណ្តាល បានផ្ទៀងផ្ទាត់រួច ២ដំណាក់កាលហើយ គឺ ភូមិ និងឃុំ/សង្កាត់ ដូច្នេះនៅដំណាក់កាលទី៣ គឺក្រុមការងារថ្នាក់ខេត្ត ចុះផ្ទៀងផ្ទាត់ ODF+ ក្រុង/ស្រុក ជាបន្តទៀត មុនក្រុមការងារថ្នាក់ជាតិចុះមកផ្ទៀងផ្ទាត់ខេត្ត។ ហេតុដូច្នេះហើយបានជានៅថ្ងៃនេះ មានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់ក្រុមការងារថ្នាក់ខេត្ត ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះផ្ទៀងផ្ទាត់ODF+ ហើយឯកឧត្ដម សង្ឃឹម ជឿជាក់ថា ខេត្តកណ្តាលនឹងអាចឆ្លងផុតគ្រប់ដំណាក់កាលប្រកបដោយជោគជ័យជាក់ជាពុំខានឡើយ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា នៅឆ្នាំ២០២២ ជាឆ្នាំជោគជ័យមួយយ៉ាងធំធេងសម្រាប់ខេត្តកណ្តាល ដែលបានទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងដែលជាខេត្តមិនមែនស្ថិតនៅក្នុងផែនការយុទ្ធ សាស្ត្ររបស់ក្រសួអភិវឌ្ឍន៍ជនបទ។

លោកស្រី ប្រធានមន្ទីរ បានឱ្យដឹងទៀតថា ស្ថានភាពអនាម័យខេត្តកណ្តាលនៅឆ្នាំ២០២៣ ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន មានចំនួន ២៦៤,៥៤៥ខ្នងផ្ទះ ស្មើ ៩៨.៧% ហើយក្រុមការងារផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ ថ្នាក់ឃុំ/សង្កាត់ ក្រុង/ស្រុក ក៏បានចុះផ្ទៀងផ្ទាត់ ភូមិ និងឃុំ/សង្កាត់ រួចហើយដែរ ឃើញថាបានជាប់ជា ODF+ ទាំងអស់ ហើយថ្ងៃនេះ គឺជាវគ្គតម្រង់ទិសក្រុមការងារថ្នាក់ខេត្ត ចុះផ្ទៀងផ្ទាត់ក្រុង/ស្រុកបន្តទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ