អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួត និងបូមទឹកសង្គ្រោះស្រូវប្រាំង ចំនួន ១៨៩៣ហិចតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង
January 29, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ផ្ទៃដីស្រូវប្រាំងចំនួន១៨៩៣ ហិចតា ដែលប្រឈមការខ្វះទឹកស្រោចស្រព ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបូមទឹកដើម្បីស្រោចស្រពជូនដល់ប្រជាកសិករដែលកំពុងប្រឈមការខ្វះខាតទឹក នៅស្រុកកណ្ដាលស្ទឹង ឱ្យបានគ្រប់គ្រាន់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត និងបូមទឹកសង្គ្រោះស្រូវប្រាំង ស្ថិតក្នុងឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម អភិបាលខេត្ត បន្តថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បូមទឹកស្រោចស្រពជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ដោយមិនត្រូវឱ្យស្រែរបស់ប្រជាពលរដ្ឋណាម្នាក់ខ្វះខាតទឹកស្រោចស្រពឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរធនធានទឹកខេត្ត ត្រូវធ្វើការសិក្សាស្ដារប្រឡាយ ស្ទឹង អូរ ដែលមានភូមិសាស្ត្រនៅក្នុងស្រុកកណ្ដាលស្ទឹង ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងបញ្ជៀសនៅការខ្វះខាតទឹកប្រើប្រាស់នាឆ្នាំបន្តបន្ទាប់។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ក្នុងស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋដែលបង្កបង្កើនផលស្រូវរដូវប្រាំងសរុប ៣ ២៦០ គ្រួសារ ស្មើនឹង២ ០៨៣ ហិចតា ហើយបច្ចុប្បន្នផ្ទៃដី ដែលប្រឈមខ្វះខាទឹក ដើម្បីស្រោចស្រពចំនួន ១ ៨៩៣ ហិចតា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងតែបូមបញ្ចូលទឹកដាក់ក្នុងស្រែដោយមិនទាន់មានស្រូវខូចខាតនៅឡើយទេ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ