អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធ បង្កើនការប្រុងប្រយ័ត្ន ការពារសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសព្រឹត្តិការណ៍ << សង្ក្រាន្តត្បូងឃ្មុំ >> ចំនួន ០៣ថ្ងៃ
April 05, 2024 អ្នកទស្សនា :

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តដាក់បទបញ្ជាដល់កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក អាជ្ញាធរតាមបណ្តាមូលដ្ឋាន ត្រូវសហការបង្ការ បង្ក្រាប លុបបំបាត់ឱ្យខានតែបាននៅ ៥ចំនុច រួមមានៈ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង គ្រឿងញៀន ការបើកបរក្នុងស្ថានភាពស្រវឹង និងការដឹកជញ្ជូនលើលទម្ងន់កំណត់ និងខុសបច្ចេកទេស ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍សង្កត់ធ្ងន់ៗបែបនេះ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈអភិបាលខេត្ត ក្បាលម៉ាស៊ីនជាថ្នាក់ដឹកនាំសាលាខេត្ត តុលាការ មន្ទីរ អង្គភាព និងក្រុង ស្រុក ទាំង៧ជុំវិញខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំ ពង្រឹង និងការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ដែលនឹងចូលមកដល់ នាពេលខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការ <<ព្រមានលើកចុងក្រោយ ក្នុងភូមិណាមានល្បែងសុីសង ត្រូវតែដកមេប៉ុស្តិ៍ ហើយប្រមានមេបញ្ជាការ និងអធិការក្រុង-ស្រុកនោះ>>។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា បញ្ហាល្បែងស៊ីសងនេះហើយ ដែលធ្វើឱ្យមានជំលោះក្នុងគ្រួសារ អំពើហឹង្សា ចោរលួច ឆក់ ប្លន់ ធ្វើយ៉ាងណាឱ្យតែបានលុយទៅលេងល្បែង ជាប្រភពបង្កអសន្តិសុខក្នុងសង្គម ជាពិសេសប៉ះពាល់យ៉ាងខ្លាំងនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានប្រកាសថា រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ <<សង្ក្រាន្តត្បូងឃ្មុំ>> នៅបុរីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ចំនួន០៣ថ្ងៃ គឺនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា។ ព្រមទាំងជំរុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើតកម្មវិធីសប្បាយៗនានា ក្នុងឱកាសឆ្នាំថ្មីនេះ  ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីទាំងនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ណែនាំក្រើនរំលឹកដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រូមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៧ អធិការក្រុងស្រុក មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ មេភូមិ ត្រូវតែប្រុងប្រយ័ត្ន ត្រៀមទាំងកម្លាំង និងសម្ភារ: ដើម្បីបង្ការ និងទប់ស្កាត់ នូវបញ្ហានានា ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ៕

ប្រភព ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ