រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីបួងសួង សុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩
March 20, 2019 អ្នកទស្សនា :

       នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីបួងសួង សុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើននាក់ ដើម្បីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» នៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ខាងមុខនេះ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក នៃបរិវេណប្រាសាទយាយព័ន្ធ ស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

       ពិធីនេះត្រូវបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគុំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់ខ្មែរក្នុងបុព្វហេតុបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រឹត្តិការណ៍ទាំងមូល ជាពិសេសបូជាស្ដេចក្រុងពាលី ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

       សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុកនេះ ប្រារព្ធឡើងជាលើកទី ៥ហើយ (២០១៥-២០១៩) ក្នុងគោលបំណងផ្ដល់ឱកាសឲ្យយុវជន, ភ្ញៀវជាតិ-អន្តរជាតិ, និងសាធារណជនខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ ម្យ៉ាងវិញទៀត ដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ផូរផង រួមនិងសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងរូបីយ និងអរូបីយរបស់ខ្លួន ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ និងបន្តពង្រីកនូវកិត្យានុភាពនេះ នៅលើឆាកអន្តរជាតិទៀតផង៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ