ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ទាំង១០២នាក់ ស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ
March 29, 2021 អ្នកទស្សនា :

ខេត្តកណ្តាល ៖ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងការរីករាលដាល នៃជម្ងឺកាចសាហាវកូវីដ-១៩ ខេត្តកណ្ដាលក៏ជាខេត្តមួយក្នុងចំណោម ២៥រាជធានី ខេត្ត ដែលបានប្រឈមទៅនឹងបញ្ហាមួយនេះ រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីរាជការ កងកំលាំងទាំង៣ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១០២នាក់ ដែលកំពុងស្នាក់នៅបន្ទប់ជួល១កន្លែង ស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងឱកាសសំណេះសំណាលជាមួយ បងប្អូន កម្មករ កម្មការិនី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនដល់ បងប្អូន កម្មករ កម្មការិនីទាំងអស់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ៣ការពារ ៣កុំ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវយ៉ាងទទូច ដល់បងប្អូនកម្មករ កម្មការនី និងប្រជាពលរដ្ឋទាំងអស់ បើមិនមានការចាំបាច់ សូមកុំចាកចេញពីផ្ទះ សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្ថែមថា ស្ថិតក្នុងដំណាក់កាលកំពុងប្រឈមនឹងកាផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ក្នុងភូមិសាស្ត្រខេត្តកណ្ដាល សូមពិនិត្យមើលលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួល ក្នុងកំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះរហូតដល់ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានស្ថានភាពធូរស្រាលឡើងវិញ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឈឿន ប៊ុនឆន អនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គនាយកដ្ឋាននគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ដែលមានសមានចិត្ត ដ៏សប្បុរសជួយសម្រាលបន្ទុកជូនកម្មករ កម្មការិនី ចំនួន១០២នាក់ ដោយមិនយកថ្លៃបន្ទប់ជួលចំនួន ៦៩បន្ទប់ រយៈពេល៣ខែ ចាប់ពីខែមីនា ដល់ ខែឧសភា ឆ្នាំ២០២១តទៅ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការមិនយកថ្លៃបន្ទប់ជួលរបស់ ឯកឧត្តម ឈឿន ប៊ុនឆន គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការគិតគូរ និងជួយទ្រទ្រង់ដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បាននាំយកអំណោយជូនដល់កម្មករ កម្មការិនី ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូ មី ១កេស ម៉ាស់ ១ដំុ ជេល១ដប អាល់កុល១ដប និង ថវិកា២ម៉ឺនរៀលផងដែរ ។

សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៥៥២៣នាក់ យកសំណាកបាន ១៤៧៣១នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៥៩៣នាក់ នៅផ្ទះចំនួន ៦១៣២នាក់ មានករណីវិជ្ជមានចំនួន ៣៣២នាក់ និងករណីជាសះស្បើយចំនួន ៦៦នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ