អភិបាលខេត្តកំពង់ចាម អញ្ជើញចុះប្រគល់ផ្ទះទី៣ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនដល់ស្ត្រីមេម៉ាយទ័លក្រលំបាក រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ
August 05, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងដោយមានព្រះវត្តមាន ព្រះនាគមុនី ព្រះមេគណខេត្ត រួមនឹងលោកជំទាវអភិបាលរងខេត្ត អជ្ញាធរមូលដ្ឋាន និងមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត បាននិមន្ត/អញ្ជើញចុះប្រគល់ផ្ទះទី៣ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនស្ត្រីមេម៉ាយទ័លលំបាក ម្នាក់ ឈ្មោះ ឆៃ អ៊ូ អាយុ ៤៥ឆ្នាំ រស់នៅ ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ។

គួររំលឹកថា ប្អូនស្រី ឆៃ អ៊ូ ជាស្ត្រីមេម៉ាយទ័លក្រ មានកូនស្រី ប្រុស ២នាក់ (អាយុ ៦ឆ្នាំ និង ៤ឆ្នាំ) ក្នុងបន្ទុក។ ក្រោយប្តី ប្អូនស្រី ស្លាប់ដោយជម្ងឺរ៉ាំរ៉ៃ ជិត៥ឆ្នាំមកនេះ ប្អូនស្រី និងកូន ធ្លាក់ខ្លួនរស់នៅយ៉ាងលំបាកបំផុត ព្រោះគ្មានទុន គ្មានមុខរបរអ្វីច្បាស់លាស់ ហើយខ្លូនឯង ក៏ថ្លង់ទៀត សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងខ្ទមដ៏តូច ដែលបិទបាំងដោយដែកសង្កសីចាស់ ៗ ដែលអ្នកជិតខាង បានផ្តល់អោយ នៅលើដីទំហំ ៩ម×២១ម ដែលបងស្រីបង្កើតរស់នៅក្បែរនោះ បានប្រគល់អោយជាកម្មសិទ្ធិ។ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ ប្អូនស្រី ត្រូវដើររើសអេតចាយ និង ជួយលាងចានឆ្នាំងតាមផ្ទះ គ្រាន់បានកម្រៃប្រចាំថ្ងៃ ចិញ្ចឹមកូនកំព្រាតូចៗ ទាំង ២នាក់ ។ មើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្ត និងសប្បុរសជន ជូនប្អូនស្រី ឆៃ អ៊ូ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានក្រើនរំលឹកដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល «៣កុំ ៣ការពារ» ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវនេះ ក្នុងស្ថានភាពដែលរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា នៅសហគមន៍ក្នុងខេត្តកំពង់ចាម ដែលជាបញ្ហាប្រឈមនិងជាក្តីកង្វល់ដ៏ធំ សម្រាប់កម្ពុជាយើង ពិសេសនៅក្នុងគ្រួសារ និងសហគមន៍។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបាននាំយកអំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ប្អូនស្រី ឆៃ អ៊ូ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់, អាវយឺត ៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល។ ដោយឡែក ប្រជាពលរដ្ឋពលរដ្ឋខ្វះខាតជីវភាព ចំនួន ១២គ្រួសារ ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ